Ad Code

កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា ​រារាំង​ការ​ដឹកជញ្ជូន​ជំនួយ​ ហើយ​បង្ក​កំហឹង​ដល់​អាមេរិក



មេដឹកនាំ​គណបក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក Juan Guaido បាន​ព្រមាន​កងទ័ព​អំពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ​បន្ទាប់ពី​ទាហាន​បាន​បិទ​ស្ពាន​ព្រំដែន​ដ៏​សំខាន់​មួយ​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ទាមទារ​ទាំង​ខឹងសម្បា​ពី​សហរដ្ឋអាមេរិក​ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌​ដែល​ត្រូវការ​ជា​ចាំបាច់​ចូលទៅក្នុង​ប្រទេស​នេះ​។​

លោក Guaido បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ក្នុង​វិទ្យុ​របស់​កូ​ឡុំ​ប៊ី​ថា កងទ័ព​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវតែ​ជ្រើសរើស​រវាង​របប​ផ្តាច់​ការដែល​មិនមាន​ការព្រួយបារម្ភ​ពី​មនុស្សជាតិ​ឬ​ត្រូវ​ចូលរួម​ជាមួយ​រដ្ឋធម្មនុញ្ញ​ដែល​ទទួលយក​ភាពស្របច្បាប់​របស់គាត់​។​

ស្របពេល​ជាមួយគ្នា​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយថា យោធា​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​រារាំង​ដោយ​ចេតនា​ចំពោះ​ជំនួយ​ដោយ​យក​រថយន្ត ធុន​ធំ​និង​កុងតឺន័រ​បិទ​ស្ពាន​តាម​បញ្ជា​របស់លោក Maduro​។​

លោក Pompeo បាន​និយាយ​នៅក្នុង Twitter ថា “​របប​របស់លោក Maduro ត្រូវតែ​អនុញ្ញាត​ឲ្យ​ជំនួយ​ឈានទៅដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​អត់ឃ្លាន​”​។​

លោក Guaido បាន​អះអាងថា មនុស្ស​ដល់​ទៅ​៣០០,០០០​នាក់​កំពុង​ប្រឈមមុខ​នឹង​សេចក្តីស្លាប់​ប្រសិនបើ​ជំនួយ​មិនត្រូវ​បានផ្តល់​ឲ្យ​បន្ទាប់ពី​មាន​វិបត្ដិ​សេដ្ឋកិច្ច​និង​កង្វះខាត​ស្បៀងអាហារ​និង​ឱសថ​ជា​មូលដ្ឋាន​ទេនោះ​។​

រថយន្ត​ធុន​ធំ​និង​កុងតឺន័​ត្រូវបាន​គេ​យកទៅ​រារាំង​នៅលើ​ស្ពាន Tienditas ដែលជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​មួយ​នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី​។​

គួរ​រម្លឹក​ឡើងវិញ​ថា ប្រមុខ​រដ្ឋសភា​វ័យ​៣៥​ឆ្នាំ​ដែល​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​នៅពេល​គាត់​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​កាលពី​ថ្ងៃទី​២៣​ខែមករា​គឺ​កំពុង​ព្យាយាម​បង្ខំ​ឲ្យ​លោក Maduro ចុះ​ចេញពី​អំណាច​ហើយ​បង្កើត​រដ្ឋាភិបាល​អន្តរ​កាល​មួយ​និង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​។​

លោក Guaido ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស​ជាង​៤០​ចាប់តាំងពី​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ជាច្រើន​រួមទាំង​អ៊ីតាលី​និង​ក្រិ​ក​ផងដែរ​បាន​រារាំង​ការប៉ុនប៉ង​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​សកម្មភាព​ខ្លាំងក្លា​ប្រឆាំងនឹង​របប​សង្គមនិយម​របស់លោក Maduro៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu