Ad Code

លោក​អភិបាលខេត្ត​កំពង់ចាម​ ​កោត​សរសើរ​ដល់​ប្រជាកសិករ ​ដែល​ខិតខំ​បង្កបង្កើនផល​ទទួល​បាន​ទិន្នផល​ខ្ពស់



កំពង់ចាម ៖ លោក​គួច ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ បាន​សំដែង​នូវ​ក្តី​រីករាយ​ព្រមទាំង​កោត​សរសើរ​ដល់​បងប្អូន​ប្រជាកសិករ ​ដែល​លោក​ខិតខំ​បង្កបង្កើនផល​ទទួល​បាន​ទិន្នផល​ខ្ពស់​គួរ​ជាទី​គាប់ចិត្ត។

លោក​គួច ចំរើន បាន​មាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​​កុម្ភៈ​​​ថា ​កាលពី​ថ្ងៃអាទិត្យ​​​ ​លោក​និង​ភរិយា បានធ្វើ​ដំណើរ​ទៅពិនិត្យ​មើល​ការបង្កបង្កើន​ផល​រប​ស់​ប្រជាកសិករ​នៅ​ឃុំ​គៀន​ជ្រៃ ​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​។ ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ក្នុងស្រុក​កំពង់សៀម​ លោក​បានឃើញ​ដំណាំ​ជាច្រើន​មុខ​របស់​បងប្អូន​ប្រជាកសិករ​ស្ថិតនៅ​តាម​សង្ខាង​ផ្លូវ​គួរ​ឲ្យ​រំភើប​ព្រោះ​ដំណាំ​ទាំងអស់​កំពុង​លូតលាស់​ស្លឹក​ពណ៌​ខៀវស្រងាត់​រាប់​សិប​ហិកតា​ ដោយមាន​ដាំ​ជា​ជួរ​មើល​ទៅ​គួរ​ឲ្យ​គយគន់​ ហើយ​មិន​ចង់​បន្ត​ដំណើរ​ទៅមុខ​ព្រោះ​ស្រស់​ស្អាត​ពេក។ ប៉ុន្តែ​សឹង​គ្រប់​បណ្តា​ឃុំ​ក្នុងស្រុក​កំពង់សៀម ​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយថា​មាន​ដំណាំ​បែបនេះ​ជា​ហូរហែរ​។​

លោក​អភិបាលខេត្ត​បានបញ្ជាក់​ទៀតថា​ អ្វីដែល​លោក​ត្រូវតែ​បញ្ឈប់​ដំណើរ​ហើយ​ចង់​ស្គាល់​រសជាតិ​នូវ​កសិផល​រ​បស់បង​ប្អូន​អ្នកស្រុក​កំពង់សៀម​នោះ​គឺ​ចម្ការ​ប៉ិកគក់ ​ដែល​ម្ចាស់​ចម្ការ​កំពុង​ប្រមូល​ផល​ដោយ​ម្ចាស់​ចម្ការ​ជូន​ប៉ិកគក់​ដល់​អ្នក​ធ្វើដំណើរ​មក​ពិសា​​មិន​យក​លុយ ​ព្រោះ​មើម​ប៉ិកគក់​ជួយ​បំបាត់​ការ​ស្រេកទឹក ​ប៉ុន្តែ​បើ​ចង់យក​ទៅផ្ទះ​គឺ​លក់​ជូន​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​១០០០​រៀល​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ទៀតថា ​ពេល​ចុះ​ទៅដល់​ក្នុង​ចម្ការ​លោក​បាន​ដក​ដើម​ប៉ិកគក់ ​គឺ​សុទ្ធតែ​មើម​ឡើង​រយោង​គួរ​ឲ្យ​រំភើប​ជំនួស​ម្ចាស់​ចម្ការ ​ព្រោះ​កម្រ​បានឃើញ​ដែលជា​ទូទៅ​ប្រជាពលរដ្ឋ​យើង​បាន​ឃើញតែ​គេ​យក​ទៅលក់​នៅតាម​ទីផ្សារ​។

​អ្វីដែល​លោក​អភិបាលខេត្ត​កំពង់ចាម​សូម​ធ្វើការ​កោត​ស​រសើរ​ដល់​ម្ចាស់​ចម្ការ​នោះ​គឺ​ទឹកមុខ​ដ៏​ស្រស់ស្រាយ​ទទួល​រាក់ទាក់​អ្នកដំណើរ​ ដោយ​មិន​រើសអើង​កុំថាឡើយ​រូបលោក​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ុន្តែ​លោក​អភិបាលខេត្ត​ក៏ពុំបានបញ្ជាក់​ពី​អត្តសញ្ញាណ​ដល់​ម្ចាស់​ចម្ការ​ឡើយ​ ព្រោះ​លោក​ចង់ដឹង​ពី​សុខ​និង​ទុក្ខ​ពិសេស​ស្ថានភាព​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​

ក្នុងឱកាស​នោះដែរ​លោក​គួច ចំរើន​ បាន​សំដែង​នូវ​ការ​អរគុណ​ដល់​ម្ចាស់​ចម្ការ ​ដែលមាន​សន្ដានចិត្ត​ដ៏​ល្អ​គឺ​ជូន​ប៉ិកគក់​​​ដល់​អ្នកដំណើរ​បាន​ហូប​នៅក្នុង​ចម្ការ​មិន​យក​លុយ​។​ ដែល​សកម្មភាព​នេះ​គឺ​កម្រ​មាន​ណាស់​។ ​ការធ្វើ​បុណ្យ​បរិច្ចាគ​នេះហើយ​ ទើប​ប្រជាកសិករ​លោក​បង្កបង្កើន​ផល​បាន​ទិន្នផល​ខ្ពស់​និង​ពុំមាន​អ្នកណាម្នាក់​ទៅ​បំផ្លាញ​ផលដំណាំ​របស់គាត់​ឡើយ​។​

គួរ​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​ភាគច្រើន​បាន​ស្គាល់​លោក​គួច ចំរើន អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​កំពង់ចាម​ក្នុងពេលដែល​លោក​អភិបាល​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​មូលដ្ឋាន ​គ្មាន​ថ្ងៃ​ណា​ដែល​ខកខាន​ ហើយ​នៅពេលដែល​ជួប​បងប្អូន​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ជីវភាព​គឺ​លោក​អភិបាល​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​ភ្លាមៗ​ដោយ​មិន​ពន្យារ​ពេល​ឡើយ​។ ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu