Ad Code

ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នឹង​បើក​ធ្វើ​នៅ​ចុងខែ កុម្ភៈ​នេះ ក្រោម​អធិបតីភាព​សម្តេច​​តេ​ជោ ហ៊ុន សែន



ភ្នំពេញ​៖ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ នឹង​បើក​ធ្វើ​នៅ​ចុងខែ កុម្ភៈ​នេះ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​កាន់តែ​ច្រើន​ឡើង​ថែមទៀត​។​

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ដើម្បី​ត្រៀម​រៀបចំ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ក្រោម​ប្រធានបទ​ទីក្រុង​ស្អាត “​ទីក្រុង​ផ្តល់​ភាពកក់ក្តៅ​” នា​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​​ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍​ថា ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧​នេះ​ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ទិវា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ទីក្រុង​ទាំងអស់ ឲ្យ​បង្កើន​ការ​ប្រ​កួត​ប្រជែង​គ្នា​ផ្នែកអនាម័យ បរិស្ថាន ផ្នែក​សន្តិសុខ និង​គំនិត​ច្នៃប្រឌិត​ទាក់ទាញ​ភ្ញៀវទេសចរ​។ លោក​បន្តថា ក្នុង​កម្មវិធី​នេះដែរ នឹងមាន​ការប្រគល់​លា​ភី “​ពានរង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​” លើក​ទី​៣ , ជ័យលាភី “​ទីក្រុង​ដែលមាន​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០១៨ និង​ប្រគល់​ជ័យលាភី “​បង្គន់​សាធារណៈ​កម្ពុជា​” លើក​ទី​១ ។​

លោក ណេ​ប ស​មុត អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នោះ​ថា នៅក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧​ក្រសួងទេសចរណ៍​ត្រៀម​ប្រកាស​ឲ្យ​មាន​ប្រព័ន្ធ​ចំណាត់ថ្នាក់​វិថី​ម្ហូបអាហារ​តាម​ដងផ្លូវ និង​សេវាកម្ម​របស់​តូប​លក់​ម្ហូបអាហារ​តាម​ដងផ្លូវ ដើម្បី​ជំរុញ​បង្កើន​ប្រសិទ្ធភាព​សេវាកម្ម​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួលភ្ញៀវ​ទេសច​រ​អន្តរជាតិ​ចំនួន ៦​លាន ២​សែន​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ចិន​ឈរ​ក្នុង​លំដាប់ថ្នាក់​ទី​១ មាន​ប្រមាណ ២​លាន​នាក់ ហើយ​តាម​ការព្យាករ​​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន ៥​សែន​នាក់​នៅ​ឆ្នាំ​២០២០ និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ ៥០០០​លាន​ដុល្លារ​អាម៉េរិក បង្កើត​នូវ​ឱកាស​ការងារ​ដោយផ្ទាល់​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ ១​លាន​នាក់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu