Ad Code

អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បញ្ឈប់​លែង​ឲ្យ​មានការ​ដាក់​លក់​ក្រឡាន​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦



សៀមរាប​ ៖ ​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង បានសម្រេច​បញ្ឈប់​លែង​ឲ្យ​មានការ​ដាក់​លក់​ក្រឡាន នៅតាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិ​សាស្ត្រ​របស់​ខ្លួន ក្រោម​ហេតុផល​ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​កើតឡើង​ជាយថាហេតុ​។

លោក​សយ សីហា មេឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​​ ថា អាជ្ញាធរ​ស្រុក​បានសម្រេច​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ក្រឡាន ដែល​មកពី​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម បញ្ឈប់​ការ​តាំង​លក់​ក្រឡាន​របស់​ពួកគាត់​នៅ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ក្នុង​ទឹកដី​ឃុំ​ត្រពាំង​ធំ ជា​បន្តទៀត ដោយហេតុថា ការ​តាំង​លក់​នេះ​វា​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​



លោក​សយ សីហា ឲ្យ​ដឹងថា កន្លងទៅ​ប្រជាពលរដ្ឋ​មកពី​ភូមិ​ខ្ចាស់ បានដាក់​លក់​ក្រឡាន​របស់​ពួកគាត់​ជាប់​នឹង​ចិញ្ចើមផ្លូវ ហើយ​នៅពេល​ដែលមាន​អ្នកទិញ​គាត់​បាន​ចត​យានយន្ត​នៅលើ​ដងផ្លូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក និង​បាន​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ រហូត​មាន​អ្នកខ្លះ​បាត់បង់​ជីវិត​ក៏មាន​។

ជាមួយនឹង​វិធានការណ៍​របស់​អាជ្ញាធរ​​នេះ ប្រជាពលរដ្ឋ​ជា​អ្នកលក់​ក្រឡាន​បាន​ឲ្យ​ដឹងថា ពួកគាត់​មិនបាន​ជំទាស់​តវ៉ា​ជាមួយ​អាជ្ញាធរ​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ទេ ហើយ​ពួកគាត់​ក៏បាន​ស្ម័គ្រចិត្ត​រុះរើ​តាម​ចំណាត់ការ​របស់​អាជ្ញាធរ​។



គួរ​បញ្ជាក់ថា កាលពីពេល​កន្លងទៅ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​ដែលមាន​មុខរបរ​លក់​ក្រឡាន ក៏​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​ជួយ​រៀបចំ​ធ្វើជា​ផ្សារ​លក់​ក្រឡាន​មួយ ដោយហេតុថា ពួកគាត់​ក៏​ព្រួយបារម្ភ​អំពី​សុវត្ថិភាព ផ្ទាល់ខ្លួន​ដែរ​។ ប៉ុន្តែ​សំណើ​នេះ លោក​ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​ប្រាប់​អ្នក​ព័ត៌មាន​ថា ក្នុងនាម​អាជ្ញាធរ​ស្រុក ព្រួយបារម្ភ​ណាស់​ចំពោះ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​ការបង្កើត​ផ្សារ​ក្រឡាន​នេះ មាន​បញ្ហា​ប្រឈម​ច្រើន ដូចជា​ការស្វែងរក​ទីតាំង និង​ការស្រុះស្រួល​រវាង​អាជីវករ​ដូចគ្នា​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu