Ad Code

ស្ដាប់​ការ​ឆ្លើយបំភ្លឺ​របស់​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច និង​បញ្ហា​ បរិស្ថាន​ទឹកស្អាត​ទៅ​ក្នុង​សមុទ្រ ទន្លេ បឹង



ភ្នំពេញ ​៖ ពាក់ព័ន្ធ​នឹង​សំនួរ​របស់​លោក ពេជ្រ ស្រស់ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​សួរ​ថា​តើ​ក្រសួងបរិស្ថាន​មាន​ចំណាត់ការ​បែបណា​ចំពោះ​ការបំផ្លាញ​ព្រៃឈើ ដែល​រង​ការ​កាប់​បំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​គ្រប់​ទីកន្លែង ហើយ​ក្រសួង​អាច​ពិចារណា និង​កំណត់​ភូមិសាស្ត្រ​ច្បាស់លាស់​បាន​ឬទេ​មុននឹង​ផ្តល់​នូវ​អាជ្ញាប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ណាមួយ​ជៀសវាង​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ក្នុង​តំបន់ និង​ថា​តើ​ក្រសួងបរិស្ថាន​មាន​គម្រោង​ដាក់​ប្រព័ន្ធ​កែច្នៃ​ទឹកស្អាត​តាម​អាគារ​តូចធំ​របស់​ក្រុមហ៊ុន និង​សហគ្រាស​នានា មុននឹង​បង្ហូរ​ចេញទៅ​សមុទ្រ ទន្លេ បឹង ដើម្បី​ការពារ​បរិស្ថាន​ចម្រុះ​ដែរឬទេ​?​។

ពាក់ព័ន្ធ​នឹង​សំនួរ​ទាំងបី​ខាង​លើ​នេះ បើតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​លោក ពេជ្រ ស្រស់ ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សាយ សំ​អាល់ បាន​ស្រាយ​បំភ្លឺថា ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ​ខាង​ក្រសួងបរិស្ថាន គឺ​កំពុង​ខិតខំ​ទប់​ស្កាត់ ប៉ុន្តែ​ត្រូវ​ឲ្យ​មានការ​ចូលរួម​យ៉ាង​ស្វិតស្វាញ​ពី​កម្លាំងចម្រុះ​ក្នុង​មូលដ្ឋាន​ជាក់ស្តែង និង​ការចូលរួម​ពី​ក្រសួងកសិកម្ម ដោយ​កំណត់​មុខសញ្ញា​កំណាត់ឈើ​ថា ឈើ​ដែល​បាន​ដឹក​ចេញ​នោះ​ជា​ឈើ​ក្នុង​បរិវេណ​​​អាជ្ញាប័ណ្ណ ឬ​ជា​ឈើ​លួច​កាប់​ខុសច្បាប់ ដូច្នេះ​ការទប់ស្កាត់​ការ​កាប់បំផ្លាញ​ព្រៃឈើ ត្រូវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​តែម្តង​ទើប​អាច​ទប់ស្កាត់​បានល្អ​...​។ ចំពោះ​អាជ្ញាប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន គឺ​រដ្ឋាភិបាល​បាន​បិទ​ការ​ផ្តល់នូវ​អាជ្ញាប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច តាំងពី​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១២​មក​ម្ល៉េះ ហើយ​ក្រសួងបរិស្ថាន​កំពុង​ពិនិត្យ​លើ​ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច ដើម្បី​វាយតម្លៃ​អំពី​ការអនុវត្ត​នូវ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ដែរឬទេ ហើយ​បើសិនជា​ខាង​ក្រសួងបរិស្ថាន​ពិនិត្យឃើញ​ពី​ភាពមិនប្រក្រតី​ណាមួយ របស់​ក្រុមហ៊ុន​ចំពោះ​ការអនុវត្ត​អាជ្ញា​ប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច ក្រសួង​នឹងធ្វើ​ការដកហូត​នូវ​អាជ្ញា​ប័ណ្ណ​នោះ ពី​ក្រុមហ៊ុន​មកវិញ ហើយ​ក្រុមហ៊ុន​នោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ផងដែរ​ដែល​មិនអាច​ជៀស​បាន​ឡើយ​។ ចំពោះ​គម្រោង​ដាក់​ប្រព័ន្ធ​កែច្នៃ​ទឹកស្អាត​នៅតាម​អាគារ​តូចធំ​របស់​ក្រុមហ៊ុន និង​តាម​សហគ្រាស​នានា​មុននឹង​បង្ហូរ​ចេញទៅ សមុទ្រ ទន្លេ បឹង គឺ​ខាង​ក្រសួង​បាន​និង​កំពុង​ធ្វើ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ហើយនិង​កំពុង​បន្ត​ធ្វើ​ទៅទៀត​ដើម្បី​ពន្លឿន​ឲ្យ​បាន​ឆាប់រហ័ស​នូវ​ការរៀបចំ​នូវ​ប្រព័ន្ធ​ទឹកស្អាត​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu