Ad Code

រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ប្រើប្រាស់​គ្រឿងចក្រ កាយ​ជា​អណ្តូង​ទៅតាម​បណ្តោយ​នៃ​ស្ទឹង​ស្ទោង ដើម្បី​រក្សា​ទឹក ឲ្យ​ពលរដ្ឋ​ប្រើប្រាស់



កំពង់ធំ​ ៖ ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវការ​ទឹក​ សម្រាប់​ហូបចុក​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក បានសម្រេច​ដោយ​ប្រើប្រាស់​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​មួយចំនួន ដែល​មាន​ទីតាំងនៅ​ភូមិភាគ​កំពង់ធំ​រួចជាស្រេច ដើម្បី​កាយ​ជា​អណ្តូង​ទៅតាម​បណ្តោយ​នៃ​ស្ទឹង​ស្ទោង។



ក្រសួង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​សុក្រ ៤​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ លោក រដ្ឋមន្ត្រី លឹម គានហោ អមដំណើរ​ដោយ​លោក​រដ្ឋលេខាធិការ ប៊ុន ហ៊ាន ដែល​ជា​ប្រធាន​មុខព្រួញ​តាមដាន​ដោះស្រាយ​បញ្ហា​ទឹក​ក្នុង​ខេត្តកំពង់ធំ និង​សៀមរាប ព្រមទាំង​សហការី អ្នកបច្ចេកទេស​មួយចំនួន បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដើម្បី​មាន​វិធានការ​ចំពោះមុខ និង​យូរអង្វែង។



ក្រសួង​បាន​បន្ត​ថា ជា​ស្ថានភាព​ជាក់ស្តែង​រហូតដល់​ថ្ងៃនេះ ពាក់ព័ន្ធ​នឹង​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ធំ បាន​ដោះស្រាយ​ចប់សព្វ​គ្រប់ ក្រោយពី​វិធានការ​អន្តរាគមន៍​ទម្លាក់​ទឹក​ពី​អាងទឹក​៣០​កញ្ញា និង​បន្ត​បូម​បាច​បញ្ចូល​ស្រែ ដែល​បច្ចុប្បន្ន​រង់ចាំ​តែ​ការ​ច្រូតកាត់​តែប៉ុណ្ណោះ។ អ្វី​ដែល​ជាការ​ព្រួយបារម្ភ ក្នុង​រយៈពេល ២​សប្តាហ៍​ទៅ​មុខ​ទៀត ដែល​ប​ច្ចុ​ប្ប​ន្ន​ស្ថានភាព​ស្ទឹង​ស្ទោង​បាន​ដាច់​ជា​កង់ៗ​រួច​ទៅ​ហើយ​នោះ គឺ​តម្រូវការ​ទឹក​សម្រាប់​ហូបចុក​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ។



ស្ថិត​ក្នុង​ស្ថានភាព​ដូចនេះ លោក រដ្ឋមន្ត្រី​បានសម្រេច​ដោយ​ប្រើប្រាស់​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​មួយចំនួន ដែលមាន​ទីតាំងនៅ​ភូមិភាគ​កំពង់ធំ​រួចជាស្រេច ដើម្បី​កាយ​ជា​អណ្តូង​ទៅតាម​បណ្តោយ​នៃ​ស្ទឹង​ស្ទោង។ ចំពោះ​វិធាន​ការបន្ត​ទៅមុខ គឺ​ការស្ថាបនា​នូវ​សំណង់​ស្ទាក់​ទឹក នៅ​ចំណុច​ឃុំ​ម្សា​រ​ក្រង និង​សំណង់​ចែកចាយ​ទឹក​-​ស្ពាន នៅក្បែរនោះ​ផងដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu