ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅលើសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)តែងតែមានក្រុមក្មេងស្ទាវពពាក់ពពូនគ្នាបង្កការអុកឡុកក៏ដូចជាការវ៉ៃតប់គ្នាបែបរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់នោះ លោកអភិបាលខណ្ឌដូនពេញក៏បានចាត់កម្លាំងជាបន្ទាន់ចុះទៅឃ្លាំងចាប់ក្រុមទាំងនោះបានចំនួន៤នាក់ បញ្ជូនមកសាលាខណ្ឌដូនពេញផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី ដោយមានការចង្អុលបង្ហាញ នឹង បញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង ជាការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋដែលបានស្នើឲ្យអាជ្ញាធរខណ្ឌចុះមានវិធានការចំពោះបញ្ហានោះលោក អភិបាល បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះទៅឃាត់ខ្លួនក្រុមអ្នកដែលញៀនល្បែង នឹងក្រុមក្មេងស្ទាវដែលបង្កបញ្ហា នៅទីតាំងសួនច្បារCDC មុខក្រុមប្រឹក្សាអភិវឌ្ឍ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជាលទ្ធផលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សដែលកំពុងប្រព្រឹត្តិល្បែងបានចំនួន៤នាក់ យកទៅអប់រំណែនាំនៅសាលាខណ្ឌដូនពេញ។ ជាមួយគ្នានោះដែរកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញនឹងបន្តអនុវត្តនឹងបង្ក្រាបតទៅទៀតនៅទីតាំងណាក៏ដោយឲ្យតែមានល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ៕
Source: Kampuchea Thmey Daily
0 Comments