Ad Code

ប្រមុខ​ដឹកនាំ​ក្រសួង​ជំនាញ​ សាទរ​ចំពោះ​ដៃគូ​វិនិយោគ​លើក​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​



ភ្នំពេញ ៖ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​ក្រុមហ៊ុន​ចិន​ដែល​មក​វិនិយោគ​លើ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​ តាមរយៈ​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​ក្រុមហ៊ុន Shanghai Mcro Purification Technology Co,Ltd បាន​ឈាន​ដល់​ការរៀបចំ​ធ្វើ​ពង្រាង​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​ពង្រឹង​អភិវឌ្ឍ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា។ លោក​ថ្លែង​បែបនេះ​ ខណៈ​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ឲ្យ​ពង្រាង​អនុស្សរណៈ​យោគយល់​គ្នា​ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ម្សិល​មិញ​នៅ​ទីស្តីការ​ក្រសួង មាន​ទ្វេ​ភាគី​រវាង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដឹកនាំ ដោយ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​ក្រុមហ៊ុន Shanghai Mcro Purification Technology Co,Ltd ដឹកនាំ​ដោយ​លោក​បណ្ឌិត ឆៃ អ៊ី​ង​ឡុង ( Cai Yunlong) ដើម្បី​ពិនិត្យ​ពិភាក្សា កែតម្រូវ​ពាក្យពេជន៍​ខ្លឹមសារ ឲ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មុននឹង​ឈានដល់​ការចុះហត្ថលេខា​នៅពេល​បន្ទាប់។



មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ថ្លែងថា ពង្រាង​ខ្លឹមសារ​នៃ​អនុស្សារណៈ​យោគយល់​គ្នា បានលើកឡើង​ពី​គោលបំណង​ផ្តល់​ប្រភព​ធនធាន និង​បច្ចេកទេស ស្តីពី​ការអភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​-​រៀបចំ​ស្តង់ដារ​ឧស្សាហកម្ម​ទឹក បទដ្ឋាន​បច្ចេកទេស​-​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង និង​បច្ចេកទេស​ទឹក​នៅ​កម្ពុជា។ រីឯ​លក្ខខណ្ឌ​សហប្រតិបត្តិការ បាន​បញ្ជាក់​ពី​ការរួម​គ្នា រៀបចំ​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ ២០១៩-២០២៣ និង​គោលដៅ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ -​រួមគ្នា​ចូលរួម​វាយតម្លៃ និង​យកចិត្តទុកដាក់​ក្នុង​ការ​បង្កើត និង​អនុវត្ត​គម្រោង​ផ្គត់ផ្គង់​ទឹកធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​-​មានបំណង​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា និង​និង​សមាគម​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា​ដើម្បី​បណ្តុះបណ្តាល​លើ​វិស័យ​ផ្គត់ផ្គង់​ទឹក​។ នេះ​ជា​សកម្មភាព​រួមគ្នា​បង្ក​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទឹកស្អាត រវាង​កម្ពុជា​-​ចិន ដើម្បី​ទាក់ទាញ​រដ្ឋាភិបាល​ចិន​គ្រប់​ជាន់ថ្នាក់ និង សហគ្រាស​នានា មក​វិនិយោគ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​កម្ពុជា។



បន្ទាប់ពី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​កែតម្រូវ​ពាក្យពេចន៍​ខ្លឹមសារ​រួច ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ត្រូវបាន​រៀបចំឡើង នា​រសៀល​ថ្ងៃ​ដដែល​រវាង​លោក យា ប៊ុន​ណា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទឹក​ស្អាត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាមួយ​លោក បណ្ឌិត ឆៃ អ៊ីង​ឡុង នាយក​ក្រុមហ៊ុន​Shanghai Mcro Purification Technology Co,Ltd នៅ​ទីស្តីការក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu