កោះកុង ៖ ប្រជាពលរដ្ឋរស់នៅ ឃុំប្រឡាយ ឃុំគំនាប និងឃុំថ្មដូនពៅ នៃស្រុកថ្មបាំង ខេត្តកោះកុង មានសេចក្តីសប្បាយរីករាយណាស់ ដោយទទួលបានអណ្តូងទឹកស្អាតចំនួន៨ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ា ណែត ជាលើកទី២ សម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ដែលអណ្តូងទឹកស្អាតទាំងនេះ ជាអំណោយមូលនិធិមាតាបិតាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំខាងលើបានឲ្យដឹងថា ពួកគាត់នៅទីនេះពិបាកខ្លាំងណាស់ ក្នុងការរកទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសនៅពេលដែលរដូវប្រាំងចូលមកដល់ ព្រោះថាតំបន់នេះ ទឹកត្រពាំងបឹងបួ ជ្រោះជ្រងជ្រលងដងអូរ មួយចំនួនត្រូវរីងស្ងួតហួតហែងអស់ ដូច្នេះហើយពួកគាត់ ត្រូវចំណាយពេលវេលាយូរ ក្នុងការទៅស្វែងរកប្រភពទឹក នៅកន្លែងឆ្ងាយៗពីលំនៅដ្ឋាន យកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
បន្ទាប់ពីបានដឹងថា តំបន់ខាងលើនេះមានបញ្ហាកង្វះខាត ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈលោកមេភូមិ មេឃុំនៅតំបន់នេះ លោកស្រី ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់អោយក្រុមការងារ ធ្វើអណ្តូងចំនួន៨ជូនប្រជាពលរដ្ឋបានប្រើប្រាស់ភ្លាមៗ ប្រមាណជិត២០០រយគ្រួសារនៅក្នុងតំបន់នេះ។
ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អណ្ដូងជូនប្រជាពលរដ្ឋ នាឱកាសនោះលោកស្រី ប្រធានមូលនិធិ បានមានប្រសាសន៍ថា អំណោយអណ្តូងទាំងនេះ ជាអំណោយឪពុកម្តាយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងនោះមានអណ្ដូងលោកតា ហ៊ុន នាង លោកយាយ ឌី ប៉ុក ចំនួន៤អណ្តូង និងអណ្តូងលោកយាយ ប៊ុន ស៊ាងលី លោកតា លីន គ្រី ចំនួន៤អណ្តូង។
ប្រជាពលរដ្ឋ ដែលបានទទួលអាស្រ័យផល នៃអណ្តូងទឹកស្អាតទាំងអស់ ម្នាក់ៗបានសំដែងនូវទឹកមុខសប្បាយរីករាយជាពន់ពេក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់អណ្តូង ពិសេសសម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងពីរតែងគិតគូរ សុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទិសទី ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។
តាមរយៈលោកស្រីប្រធានមូលនិធិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខ លោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់នៅទីនេះថា សូមអោយបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅមានអនាម័យខ្ពស់ ហូបស្អាត និងពិសាទឹកដាំឆ្អិន។ ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់ ព្រោះបច្ចុប្បន្នមណ្ឌលសុខភាព ឬមន្ទីរពេទ្យ បានខិតមកជិតផ្ទះរបស់បងប្អូនហើយ។
ក្នុងឱកាសនោះដែរលោកស្រីក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មកពិនិត្យពិគ្រោះ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ រីឯអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកភ្នំពេញដើម្បីព្យាបាល រាល់ការចំណាយទាំងអស់ គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
សូមបញ្ជាក់ថា នៅចុងសប្ដាហ៍នេះ អណ្ដូងទឹកស្អាតចំនួន ៨ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ រស់នៅឃុំប្រឡាយ ឃុំគំនាប និងឃុំថ្មដូនពៅ នៃស្រុកថ្មបាំង ខេត្តកោះកុងក្រោមវត្តមានលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមដំណើរដោយលោកស្រីអភិបាលនៃគណៈអភិបាលខេត្តកោះកុងក្រុមការងារ និងផ្នែកដែលពាក់ព័ន្ធជាច្រើនទៀតផងដែរ៕
Source: Kampuchea Thmey Daily
0 Comments