Ad Code

ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ ប្ដី​ជូន​កាដូ​​ប្រពន្ធ​មួយ​ផ្លែ​ទួរណឺវិស ​ដេកពេទ្យ​បានសម្រេច



កណ្ដាល ​៖​ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ​បាន​និង​កំពុង​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ជា​ប្តី​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​យក​ផ្លែ​ទួរណឺវិស ​ចាក់​ត្រង់​បំពង់ក​ប្រពន្ធ​បណ្ដាល​អោយ​របួស​ធ្ងន់​ ក្រោយពី​បាន​ទៅ​សុំ​រួមរស់​គ្នា​វិញ​ តែ​ប្រពន្ធ​បដិសេធ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែមាឃ ពស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ​វេលា​ម៉ោង​២១​និង​០០​នាទី ​នៅ​ចំណុច​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល។

នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ឈ្មោះ សុខ ផល្លា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ជាតិខ្មែរ​(​ជា​ប្រពន្ធ​) មាន​ទីលំនៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​ មុខរបរ​ កម្មការិនី​រោងចក្រ​(​មាន​របួស​បំពង់ក​)​បច្ចុប្បន្ន​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ខេត្ត​កណ្ដាល។

ជនសង្ស័យ(​ជា​ប្តី​) ឈ្មោះ​ជួង ជឹម ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​តានូ​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ​មុខរបរ ​លាង​ម៉ូតូ (​គេច​ខ្លួន​បាត់)។

សាក្សី​បាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​​កុម្ភៈ​ ឆ្នាំ ២០១៩ វេលា​ម៉ោង​២១​និង​០០​នាទី ឈ្មោះ ជួង ជឹម បាន​មក​ដល់​ផ្ទះ​ឪពុកក្មេក ឈ្មោះ​សុខ ព្រិច មក​តាម​រក​ប្រពន្ធ​ឈ្មោះ​សុខ ផល្លា អោយ​ទៅ​ផ្ទះ​រួមរស់​ជាមួយគ្នា​វិញ ប៉ុន្តែ​ប្រពន្ធ ឆ្លើយ​ថា អស់​និស្ស័យ​ហើយ មិន​ទៅវិញ​ទេ បន្ទាប់មក​ឈ្មោះ​ជួង ជឹម ក៏​បិទ​ភ្លើង​អគ្គិសនី​ រួច​ចាប់​អូស​ដៃ​ឈ្មោះ​សុខ ផល្លា ទៅ​ក្នុង​រោង​បាយ​ក្បែរ​ពាង​ទឹក រួច​ចាក់​ប្រពន្ធ​ចំ​បំពង់ក ដោយ​ទួរណឺវិស​ ស្រប​ពេល​នោះ បាន​ឮ​សូរ​​សំឡេង​កូន​ស្រែក​ ឈ្មោះ​សុខ ព្រិច ក៏​រត់​ទៅ​ជួយ​ឃាត់​ទាញ​ចេញពី​គ្នា ទើប​ឈ្មោះ​ជួង ជឹម ប្រលែង​ប្រពន្ធ រួច​រត់​គេច​ខ្លួន​តែ​ម្ដង។

ចំណែក​ជនរងគ្រោះ​ត្រូវ​ម្ដាយ និង​បងប្អូន​បញ្ជូន​ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ខេត្ត​កណ្ដាល។

សូម​បញ្ជាក់​ថា កន្លង​មក​ឈ្មោះ​ជួង ជឹម និង​ឈ្មោះ​សុខ ផល្លា (​ជា​ប្រពន្ធ​) ធ្លាប់​មាន​ទំនាស់​ លែងលះ​គ្នា​ចំនួន​៤​ដង​មក​ហើយ មាន​កិច្ចសន្យា​ត្រឹមត្រូវ​សាលាឃុំ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu