បន្ទាយមានជ័យ ៖ ស្ត្រីជាម្តាយ បានស្លាប់ពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯកូនបួននាក់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ។ នេះជាលើកទី៣ ដែលប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ត្រូវរងគ្រោះដោយសារពុលត្រីក្រពត។
លោក កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក្រោយទទួលបានព័ត៌មានពីការពុលនេះភ្លាម នៅរសៀលម៉ោង៥និង០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានចុះពិនិត្យ ឲ្យក្រុមគ្រូពេទ្យសង្គ្រោះ និងពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់។ រហូតនៅម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៧កុម្ភៈ លោកបានដាក់បទបញ្ជាគ្រូពេទ្យ ត្រូវទទួលការតាមដានយ៉ាងហ្មត់ចត់ ដោយបញ្ជូនព័ត៌មានតាមប្រព័ន្ធHot Line មក RRT PHD ក្នុងការរកវិធីសង្គ្រោះជម្រើសចុងក្រោយបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
លោកបានបង្ហោះក្នុងហ្វេសប៊ុកថា អ្នកជំងឺករណីពុលត្រីក្រពត នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ចំនួន៥នាក់(កូន០៤) ក្នុងនោះបានទទួលមរណភាពម្តាយនៅពេលដែលបញ្ជូនដល់មន្ទីរពេទ្យខេត្ត។
នេះជាលើកទី៣ ដែលអ្នកស្រុកមិនរាងចាលក្នុងការបរិភោគត្រីក្រពត បណ្តាលឲ្យពុលស្លាប់ នៅភូមិស្រះគោក ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។ ជាមួយគ្នានោះ លោកសូមឲ្យបងប្អូន កុំបរិភោគជាដាច់ខាត នៅត្រីក្រពត ។
សូមបញ្ជាក់ថា ទោះបីជាករណីពុលត្រីក្រពត បានកើតឡើងជាញឹកញាប់ បណ្តាលឲ្យស្លាប់ និងរងគ្រោះយ៉ាងណា ព្រមទាំងមានមន្ទីរសុខាភិបាល បានផ្សព្វផ្សាយកុំឲ្យហូបត្រីក្រពត ក៏ដោយ ក៏ករណីនេះនៅតែកើតមាន៕
Source: Kampuchea Thmey Daily
0 Comments