កំពង់ស្ពឺ ៖ តៃកុងរថយន្ត បានកៀបជាប់ក្នុងកាប៊ីន និងសត្វមាន់រាប់រយក្បាល បានងាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ នៅព្រឹកព្រលឹមស្រាងៗ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ (៥៧-៥៨) ស្ថិតនៅក្នុងចំណុច ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ករណីគ្រោះចរាចរណ៍ដ៏រន្ធត់នេះ បានកើតមានឡើង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៥ និង១២នាទី លើផ្លូវជាតិលេខ៤ រវាងរថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-2604 អ្នកបើកបរឈ្មោះ ផាត់ នឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នករួមដំណើរមនុស្សចំនួន ០២នាក់ទៀត គឺ ទី១ឈ្មោះ សាត វិបុល ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយ ព្រូឡាន, ទី២-ឈ្មោះ ហ៊ួន ថៃ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ជាកម្មករ។
នគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ត HYUNDAI បើកពីខាងកើតទៅលិច លុះមកដល់ចំណុចខាងលើ បានរេចង្កូតចូលទៅផ្លូវចំណែកខាងឆ្វេង រួចបុកជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-0688 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ 4A-1638 អ្នកបើកបរគេចខ្លួនក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
នគរបាលចរាចរ ស្រុកសំរោងទង បានចុះធ្វើការអន្តរាគមន៍ វាស់វែងតាមលក្ខណៈបច្ចេកទេស ជួយស្ទូចរថយន្តចេញពីកន្លែងកើតហេតុមកដាក់ចិញ្ចឹមផ្លូវដើម្បីសម្រួលការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤តែម្តង។
មន្ដ្រីចរាចរណ៍បញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យតៃកុងឡានដឹកមាន់កៀបជាប់នៅក្នុងកាប៊ីន និងសត្វមាន់ងាប់រាប់រយក្បាល។ ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរ បង្កឡើងដោយសារតែរថយន្ដដឹកមាន់រេចង្កូតទៅចំណែកផ្លូវរថយន្ដសណ្ដោងរ៉ឺម៉កបើកបរបញ្ច្រាសទិសគ្នា។
អ្នករងរបួស ០៣នាក់បានបញ្ជូនទៅព្យាបាលនៅពេទ្យសម្ភពឯកជនខេត្តកំពង់ស្ពឺ។ ចំណែករថយន្តជាមធ្យោបាយបង្កទាំង ០២គ្រឿង ជំនាញកំពុងធ្វើការស្ទូច អូសយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments