Ad Code

ខឹង​ប្រពន្ធ​ចោទ​ថា​មាន​ស្រី សុខចិត្ត​លោត​ពីលើ​ស្ពាន​បញ្ជាក់​ចិត្ត​ស្មោះ



កំពង់ចាម ​៖ បុរស​ចិត្តខ្លាំង​ម្នាក់ ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ ដែល​ចោទ​ខ្លួន​ថា​លួច​មាន​ស្រី​ខាងក្រៅ ​​ទោះបី​​​ប្រកែក​យ៉ាងណា​ក៏​នាង​នៅតែ​មិន​ជឿ​ ទើប​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ​ ដោយ​លោតទឹក​ពីលើ​ស្ពាន។

លោក​វរសេនីយ៍ឯក អ៊ឹង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម​បាន​អោយ​ដឹង​ថា ករណី​មនុស្ស​លោតទឹក​ពីលើ​ស្ពាន​គី​ហ្សូ​ណា​នេះ​ បានកើត​ឡើង​កាល ពីថ្ងៃ​ទី​១៥ ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ២០:៣០​នាទី នៅ​ចំណុច​លើ​ស្ពាន​គី​ហ្សូ​ណា បង្គោល​លេខ​P៧ ស្ថិត​ក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម។

លោក​អធិការ​បន្តថា ក្រោយពី​បានទទួល​កើតមាន កម្លាំង​ប៉ុស្តិ៍​វាលវង់ សហ​ការ​​ជាមួយ​កម្លាំង​ក្រុង​កំពង់ចាម និង​កម្លាំង​ខេត្ត​កំពង់ចាម បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ឃើញ​មនុស្ស​ស្រី​ម្នាក់​នៅ​កន្លែង​កើតហេតុ​ កំពុង​ឈរ​យំ និង​មាន​ប្រជាពលរដ្ឋ​កំពុង​ឃាត់​ និង​លួងលោម។



នៅ​ពេល​សមត្ថកិច្ច​បាន​សួរនាំ ទើប​ដឹង​ថា ​ប្ដី​របស់​គាត់​(​ជនរងគ្រោះ​)ឈ្មោះ គឹម សុខ​ស្រ៊ុន អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​​បាន​លោតទឹក​សម្លាប់​ខ្លួន​បាត់​ហើយ​មិនឃើញ​ងើប​មកវិញ​ទេ។

លោក​អធិការ​បន្ត​ថា សមត្ថកិច្ច​យើង សហ​ការ​​ជាមួយ​ប្រជា​ការពារ បាន​ចេញ​ទូក​រក​ភ្លាម​តែ​មិនឃើញ។

ភរិយា​ជនរងគ្រោះ​បាន​បញ្ជាក់ថា ខ្លួន​និង​ប្តី​បាន​ឈ្លោះប្រកែក​ទំនាស់ ពាក្យសំដី​គ្នា ដោយ​នាង​ជា​ប្រពន្ធ​សង្ស័យ​ប្ដី​មាន​ស្រី រហូតដល់​ថ្ងៃទី ១៥​ខែ​កុម្ភៈ​​ ​ឆ្នាំ​២០១៩ ប្ដី​បាន​ចេញពីផ្ទះ​មក​ធ្វើការ​នៅ​ក្រុង​កំពង់ចាម​ តាំងពីព្រឹក រហូតដល់​ម៉ោង​២០​ជាង មិនទាន់​ឃើញ​ត្រឡប់​មកផ្ទះ។ ពេលនោះ​ប្រពន្ធ​បាន​ទូរស័ព្ទ​ទៅរក​ប្ដី ហើយ​ប្តី​បាន​ប្រាប់​ថា គាត់​កំពុង ផឹក​ជាមួយ​​មិត្តភក្ដិ​នៅ​មាត់ទន្លេ​កំពង់ចាម។



ពេលនោះ​ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​នាង​ជា​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​មករក​ប្ដី​នៅ​កំពង់ចាម។​ពេលមកដល់​ចំណុច​លើ​ស្ពាន​គី​ហ្សូ​ណា ប្រពន្ធ​បានឃើញ​ប្ដី រួច​ប្ដី​បាន​ឈប់​នៅលើ​ស្ពាន ពេលនោះ​ប្រពន្ធ​បាន​បក​មក​និយាយ​គ្នា ​ហើយក៏​បាន​ឈ្លោះប្រកែក​គ្នា​ទៀត។ បន្ទាប់មក​ប្ដី​បាន​និយាយថា (​ទាល់តែ​លោតទឹក​ស្ពាន​មែន ឬ​បាន​ជឿ )​គ្រាន់តែ​និយាយ​ចប់​ប្ដី​បាន​ដោះ​ស្បែកជើង​លោត​ពីលើ​ស្ពាន​ទៅ​ក្រោម​តែម្ដង។

លោក អធិការ​បាន​បន្តថា រហូតដល់​ថ្ងៃទី​១៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១១:៤៥​នាទី សមត្ថកិច្ច​បានឃើញ​សព ឈ្មោះ គឹម សុខ​ស្រ៊ុន អណ្តែត​នៅ​កណ្តាលទន្លេរ ហើយ​បាន​បញ្ជា​អោយ​ទូក​អ្នករុករក​អូស​សាកសព​មក​ច្រាំងទន្លេ​និង​ប្រគល់​អោយ​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu