Ad Code

មាស សារ៉ាក់ ចាញ់ បូ​វី ព្រហ្ម​ថា​ន់​ចៃ ត្រឹម​ពិន្ទុ ខណៈ​ម៉ុ​ត ខ្លឹម​ខ្មៅ សន្លប់​ទឹក​៤ ក្រោម​ជង្គង់​របស់​កេង​កាត​ ​



ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែលជា​អតីត​ម្ចាស់​ខ្សែក្រវាត់​លី​អូ និង​ស្រា​បៀរ​កម្ពុជា ហើយក៏​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ថៃ​អស់​ជាច្រើន​នាក់​មកហើយ​នោះ ពេលនេះ​បាន​ត្រូវ​អ្នក​ប្រដាល់​ថៃ​កេង​កាត វ៉​.​ស៊ូ​ង​នឹ​ន​( Kengkat Wor.Shungnuen) វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ កាលពី​យប់​ថ្ងៃទី​០៨​ ខែ​កុម្ភៈ ឆ្នាំ​​២០១៩ នៅលើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ។​

ខ្លឹម​ខ្មៅ ចាញ់​ក្រោម​ជង្គង់​របស់​កេង​កាត វ៉​.​ស៊ូ​ង​នឹ​ន ដែល​បាន​អុក​ត្រូវ​ពោះ​ទឹក​របស់គេ​ជាច្រើន​ជង្គង់ ធ្វើ​ឲ្យ​ មុត ខ្លឹម​ខ្មៅ ដួល​ចុក​ឆ្អល់​លើ​រេញ ហើយ​ទោះបី​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​ហើយ​ក្តី ក៏​គេ​មិន​អាច​បន្ត​ការប្រកួត​ទៀត​បានដែរ​។​

ស្ថានភាព​ប្រកួត​ក្នុង​ទឹក​ដំបូង មុត ខ្លឹម​ខ្មៅ គេ​បានធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​កេង​កាត ភ័យលួសព្រលឹង​ម្តងៗ​ដែរ តាមរយៈ​ការប្រើ​កែង​វាយ​ទៅលើ​កេង​កាត ប៉ុន្តែ​ខ្លឹម​ខ្មៅ​វាយ​ល្អ​បានតែ​ពីរ​ទឹក​ដំបូង​ប៉ុណ្ណោះ ។ មកដល់​ទឹក​ទី​៣​និង​ទឹក​ទី​៤ ខ្លឹម​ខ្មៅ ស្រុត​ធ្លាក់​កម្លាំង នាំឲ្យ​កេង​កាត គេ​សម្រុកចូល​វាយ​ជង្គង់​ដែល​ធ្វើ​ឲ្យ​ខ្លឹម​ខ្លៅ​ការពារ​មិនបាន ក៏ត្រូវ​ជង្គង់​សន្លប់​តែម្តង។ អ្នក​ប្រដាល់ ​ម៉ុ​ត​ ខ្លឹម​ខ្មៅ និង កេង​កាត វ៉​.​ស៊ូ​ង​នឹ​ន ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។

​កេង​កាត វ៉​.​ស៊ូ​ង​នឹ​ន ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់​និង​ធ្លាប់​ឡើងមក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក។​ អ្នក​ប្រដាល់​ថៃ​រូបនេះ តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ​ថា គេ​ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ ហើយ​គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​Wurkz​ ទម្ងន់​៦៧​គីឡូក្រាម ក្រោយពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ចាញ់​ មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ​នោះ​។ បន្ទាប់មក កេង​កាត វ៉​.​ស៊ូ​ង​នឹ​ន បានមក​ប្រកួត​សងសឹក​វិញ និង បាន​ផ្ដួល​យកឈ្នះ ​មា​ជ សុខ​រ៉ា ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​សង្វៀន​ស្ទឹងមានជ័យ​នេះ។​

ចំពោះ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី បូ​វី ព្រហ្ម​ថា​ន់​ចៃ (Bovi Prumthanchai) ក្នុង​ទម្ងន់​៦០​គីឡូក្រាម​នោះ គឺ​ សារ៉ាក់ វេទនា​មែនទែន ដោយ​ត្រូវ​អ្នក​ប្រដាល់​ថៃ​រូបនោះ វាយ​ដូច​បាវ​សាក់។​ សារ៉ាក់ ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ ដល់​ទៅ​២​ដង ​ក្នុង​ទឹក​ទី​៣​ម្តង​ និង​ទឹក​ទី​៤​ម្តង ដោយសារ​ត្រូវ​ជង្គង់​របស់ បូ​វី ព្រហ្ម​ថា​ន់​ចៃ។​ តែ​យ៉ាង​ណា មាស សារ៉ាក់ បាន​ខំប្រឹង​ប្រកួត​រហូត ដល់​ចប់​ទឹក​៥ និង​ចាញ់​បូ​វី ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​
សូមបញ្ជាក់ថា មាស សារ៉ាក់ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចាស់​វស្សា​ម្នាក់។​ គេ​ជួប​ប្រកួត​ជាមួយ​ថៃ​ចុង​ក្រោយនេះ គឺ​បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ ស៊ុប​ពើ​បាស ថ​.​ត គុត​ណា​ម​សៃ​ ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ កាលពី​ថ្ងៃទី​០១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លងទៅនេះ។​ ដោយសារតែ​ថ្វីដៃ​ល្អ​បែបនេះ ទើប​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​ថៃ បូ​វី ព្រហ្ម​ថា​ន់​ចៃ នៅពេលនេះ​ទៀត។ ​ប៉ុន្តែ​សារ៉ាក់ ​ទៅ​មិន​រួច​ជាមួយ​ បូ​វី ព្រហ្ម​ថា​ន់​ចៃ​ នោះ​ឡើយ។
​ ​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡា ក្រសួងកសិកម្ម បាន​ផ្ដួល អេ​លី​ត កែវ​ឡុង ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ឲ្យ​​សន្លប់​ក្នុង​ទឹក​ទី​២ ដោយ​កែង​របស់គេ។ ឯ ហេង ពុទ្ធ អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជ​សីហ៍​មាន​រិ​ទ្ធ បាន​ផ្ដួល ចាន់ ចឿ​ក អ្នក​ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ ឲ្យ​​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ហើយ​នូវ ស៊ី​ណាត ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ផ្ដួល ​សៃ ប៊ុន​ទូច ក្លិប​កុសល​កីឡា ឲ្យ​​សន្លប់​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu