ភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអង្គសន្និបាតសម្រេចបានក្នុងរយៈពេលពេញមួយថ្ងៃនេះ ដែលបានបង្ហាញពីភាពខ្លាំងរបស់មន្ត្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងក្រសួងព័ត៌មាន ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងរួមគ្នាបំពេញ និងសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរជាទីមោទន។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារព័ត៌មាន សម្រាប់ឆ្នាំ២០១៩បន្តរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការក្រសួងព័ត៌មាន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ក៏បានបន្តជំរុញឲ្យប្រធានស្ថាប័ននីមួយៗបន្តលើកទឹកចិត្តបញ្ជូនមន្ត្រី ទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេស ដើម្បីជំរុញឱ្យការងារកាន់តែមានប្រសិទ្ធភាពនៅក្នុងមុខជំនាញរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង។ លោករដ្ឋមន្ត្រី ក៏បានបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមានស្នាដៃ ដើម្បីជាការលើកទឹកចិត្តឱ្យវិស័យព័ត៌មានកាន់តែទទួលបានជោគជ័យថែមទៀត។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យព័ត៌មាន និងសោតទស្សន៍នេះដែរ រយៈពេលពេញមួយថ្ងៃមកនេះក៏បានបង្ហាញឲ្យឃើញថា អង្គសន្និបាតដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន បានពិភាក្សាលើចំណុចការងារ បទពិសោធន៍សំខាន់ៗជាច្រើន ដែលអនុវត្តកន្លងមក ក៏ដូចជាចំណុចខ្វះខាត ដែលត្រូវការដោះស្រាយបំពេញបន្ថែម ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយនេះបណ្តាមន្ទីរព័ត៌មានមកពីបណ្តាខេត្តក្រុងមួយចំនួន ក៏បានលើកពីផែនការសកម្មភាពការងារ ដែលត្រូវបំពេញបន្ថែមឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈកិច្ចសហការល្អជាមួយគ្រប់ផ្នែកគ្រប់ជំនាញ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលានូវព័ត៌មានក្លែងក្លាយ ដែលកើតមានឡើងក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនេះអង្គសន្និបាតក៏បានដាក់ចេញនូវទិសដៅ ផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តបន្តនៅឆ្នាំខាងមុខ តាមរយៈការពង្រឹង និងការកែលម្អរចនាសម្ព័ន្ធផ្សព្វផ្សាយគ្របដណ្តប់ទូទាំងប្រទេស តំបន់ និងពិភពលោក ដោយផ្លាស់ប្តូរពីប្រព័ន្ធអាណាឡូក ទៅប្រព័ន្ធឌីជីថល ដើម្បីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទទួលបានសេវាព័ត៌មានអប់រំចំណេះដឹង ការកំសាន្ត ព្រមទាំងលើកកម្ពស់អត្តសញ្ញាណខ្មែរ និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអណ្តរជាតិ ពង្រឹងការអនុវត្តច្បាប់ស្តីពី ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដើម្បីធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សស្ថិតក្រោមឆ័ត្រនីតិរដ្ឋ ព្រមទាំងបន្តកិច្ចសហការជាមួយស្ថាប័នជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ រួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀត ដែលក្រសួងព័ត៌មានកំពុងធ្វើ និងកំពុងត្រៀមធ្វើឲ្យកាន់តែមានប្រសិទ្ធភាព និងភាពរីកចម្រើន នៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ តាមរយៈនៃអង្គសន្និបាតនេះដែរ បានបង្ហាញពីស្មារតីសហប្រតិបត្តិការការគាំទ្រ និងការយកចិត្តទុកដាក់លើការងារព័ត៌មាន និងសោតទស្សន៍ និងគ្រប់ផ្នែករបស់ក្រសួងព័ត៌មាន ដើម្បីរួមគ្នាពិនិត្យឡើងវិញលើចំណុចខ្លាំង ចំណុចសេសសល់ និងទទួលយកបទពិសោធន៍ល្អៗសម្រាប់បន្តអនុវត្តលើភារកិច្ចការងារឲ្យទទួលបានជោគជ័យជាច្រើនទៀត៕
Source: Kampuchea Thmey Daily
0 Comments