ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និងផ្ដល់លទ្ធភាពសមត្ថកិច្ចនិងតុលាការបន្តនីតិវិធីស្រាវជ្រាវរកប្រភពនៃការនាំចូលគ្រឿងញៀននិងតាមចាប់ក្រុមជនល្មើសមកផ្ដន្ទាទោសទៅតាមច្បាប់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាន នៅល្ងាចថ្ងៃទី២៣ កុម្ភៈនេះ សេចក្តីប្រកាសព័ត៌មាននេះមានន័យទាំងស្រុង ថា រដ្ឋបាលរាជធានីភ្នំពេញសូមប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់ នៅថ្ងៃសៅរ៍ទី ៤ រោចខែមាឃឆ្នាំចសំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៩ វេលាម៉ោង ១និង ៤០ នាទីទៀបភ្លឺ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅមជ្ឈមណ្ឌលកំសាន្តរ៉ក់មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ក្នុងនោះលទ្ធផលនៃ នៃប្រតិបត្តិការកងកម្លាំងនគរបាលរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋានបានឆែកឆេរបង្ក្រាបក្នុងមជ្ឈមណ្ឌលកម្សាន្តនេះនិងបានចាប់យកវត្ថុតាងជាគ្រឿងញៀនមួយចំនួនព្រមទាំងបានឃាត់ខ្លួនជនសង្ស័យចំនួន ៣១១នាក់ស្រី ៥៦នាក់។
ចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្តរ៉ក់ហើយផ្ដល់លទ្ធភាពជូនអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការដើម្បីបន្តនីតិវិធីស្រាវជ្រាវឈានទៅកំណត់ប្រភពនៃការនាំចូលគ្រឿងញៀននិងក្រុមជនល្មើសយកទៅផ្ដន្ទាទោសតាមច្បាប់ជាធរមាន អាស្រ័យ ដូចបានជម្រាបខាងលើសូមសាធារណជននិងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រើកម្លាំងប៉ូលិសជាច្រើននាក់ បានឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកម្សាន្តRock ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់មនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ជិត៥០គីឡូក្រាម។ លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាអ្នកដឹកនាំកម្លាំងជំនាញចម្រុះផ្ទាល់ក្នុងការ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ នេះ ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងនិងអ្នកចែកចាយ៣១១នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក៩គីឡូ២ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី១ដើម៕
Source: Kampuchea Thmey Daily
0 Comments