ភ្នំពេញ ៖ កើតការភ្ញាក់ផ្អើល ក្រោយពេលមានការប្រកាសដំណឹងបាត់ខ្លួន និងស្វែងរកតារាជើងចាស់ លោកតា ហ្វុយស្សូ បន្ទាប់ពីរូបគាត់បានធ្វើដំណើរតាមរថយន្ត ដើម្បីទៅធ្វើការហាត់ប្រាណទាំងរូបគាត់កំពុងមានជំងឺប្រចាំកាយផងនោះ។
ចំពោះដំណឹងប្រកាស នៃការបាត់ខ្លួនតារាសម្តែងជើងចាស់ លោកតា ហ្វុយហ្សូ ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនកំពុងតែសម្ដែងក្តីព្រួយបារម្ភលើសុវត្ថិភាពរបស់គាត់ ខណៈដែលបច្ចុប្បន្នលោកតាកំពុងមានជំងឺប្រចាំកាយ។
ម្យ៉ាងទៀត ភ្លាមៗនោះ ក៏មានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំបានបន្តការស៊ែរចែករំលែកព័ត៌មាន ដើម្បីជាដំណឹងក្នុងស្វែងរក លោកតា ហ្វុយហ្សូ។
បើយោងតាមការបង្ហោះ និងប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កូនប្រុស លោកតា ហ្វុយហ្សូ គឺលោក សារ៉ាត បានបញ្ជាក់ថា លោកតា ហ្វុយហ្សូ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី១៥កុម្ភៈ បានចេញដំណើរដើម្បីទៅហាត់ប្រាណតាមរយៈការជិះរថយន្តម៉ា Plus ពណ៌ស ស្លាកលេខ 2AY 8814។
ប្រភពខាងលើបានបន្តទៀតថា រហូតមកទល់ពេលនេះ គាត់នៅមិនទានមានដំណឹង ឬវិលត្រឡប់មកដលផ្ទះវិញឡើយ។
លោកតា ហ្វុយហ្សូ កន្លងមក គាត់មិនដែលបាត់ដំណឹងបែបនេះទេ ម្យ៉ាងទៀតអំឡុងពេលនេះគាត់ក៏កំពុងមានជំងឺប្រចាំកាយផងដែរ។ ដូច្នេះ ប្រសិនបើបងប្អូន ឬមហាជនបានឃើញ និងជួបគាត់នៅកន្លែងណា សូមមេត្តាជួយផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ ៖ ០៨៦ ២១ ៧២ ២៣, ០១៦ ៦២ ២២ ០០, ០១០ ៦២ ២២ ០០, ០១១ ៦២ ២២ ១១។
សូមបញ្ជាក់ថា អ្វីដែលធ្វើឲ្យក្រុមគ្រួសារ និងកូនចៅកាន់តែមានក្តីព្រួយបារម្ភខ្លាំងនោះ ព្រោះថាលោកតា ហ្វុយហ្សូ បច្ចុប្បន្នមានវ័យរហូតដល់ទៅ៧៥ឆ្នាំ និងកំពុងមានជំងឺប្រចាំកាយ។ គេចាំបានថា តារាជើងចាស់ លោកតា ហ្វុយហ្សូ កាលពីកន្លងមក បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារចំណាយប្រាក់ព្យាបាលអស់ជាច្រើន។ ប៉ុន្តែក្រោយទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យជំនាញលោកតាក៏មានសុខភាពប្រសើរឡើងវិញ ចំណែកឯសមត្ថភាពសិល្បៈ ត្រូវបានបាត់បង់ទាំងស្រុង៕
Source: Kampuchea Thmey Daily
0 Comments