រដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអូស្ត្រាលីបានទទួលរងនូវរដូវក្តៅដ៏ក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាចាប់ពីខែធ្នូដល់ខែកុម្ភៈហើយការព្យាករណ៍បានបង្ហាញថា រដូវស្លឹកឈើជ្រុះនៅភាគខាងត្បូងនឹងបន្តស្ងួតហួតហែងហើយក្តៅជាងកម្រិតមធ្យម។
លោក Andrew Watkins អ្នកគ្រប់គ្រងការព្យាករណ៍រយៈពេលវែងនៅការិយាល័យឧតុនិយមបាននិយាយថា “បន្ទាប់ពីកំណត់ត្រាកំដៅក្នុងខែធ្នូនិងខែមករា វានឹងមិនមានអ្វីត្រូវភ្ញាក់ផ្អើលទេដែលរដូវក្តៅនេះនឹងក្លាយជាភាពក្តៅបំផុតរបស់យើងក្នុងកំណត់ត្រា”។
ថ្វីបើតួលេខចុងក្រោយនឹងមិនត្រូវបញ្ចេញរហូតដល់ថ្ងៃសុក្រក៏ដោយ ប៉ុន្តែការិយាល័យនេះបាននិយាយថា វាបានបង្ហាញច្បាស់រួចទៅហើយអំពីកម្រិតអតិបរមាហើយសីតុណ្ហភាពជាមធ្យមសម្រាប់រយៈពេល៣ខែនៃរដូវក្តៅនឹងខ្ពស់ជាងកម្រិតធម្មតាចំនួន២អង្សាសេជាលើកដំបូង។
ការធ្លាក់ភ្លៀងក៏ស្ថិតនៅក្រោមកម្រិតធម្មតាផងដែរហើយការិយាល័យនេះបាននិយាយថា ខ្លួនមិនបានមើលឃើញពីភាពធូរស្រាលទេក្នុងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរដែលបានវាយប្រហារតំបន់កសិកម្មរបស់ប្រទេសនៅភាគខាងកើតនិងអាគ្នេយ៍សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ។
ការិយាល័យនេះបានរាយការណ៍កាលពីដើមថា ខែមករាគឺជាខែដ៏ក្តៅបំផុតដែលមិនធ្លាប់មានក្នុងកំណត់ត្រាប្រទេសអូស្ត្រាលីដោយសីតុណ្ហភាពទូទាំងប្រទេសបានកើនលើសពី៣០អង្សាសេជាលើកទីមួយ។
លោក Watkins បាននិយាយថា លំនាំអាកាសធាតុនៅលើមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកបានរួមចំណែកដល់សីតុណ្ហភាពកើនឡើងខ្ពស់និងកម្រិតភ្លៀងធ្លាក់ទាបប៉ុន្តែនិន្នាការប្រែប្រួលអាកាសធាតុរយៈពេលយូរក៏ពាក់ព័ន្ធផងដែរ។
អាជ្ញាធរបាននិយាយថា រលកកម្តៅកាលពីខែមករាបានរួមចំណែកដល់ការស្លាប់ត្រីជាងមួយលានក្បាលនៅក្នុងប្រព័ន្ធទន្លេ Murray-Darling ដែលជាទន្លេធំបំផុតរបស់ប្រទេសដែលហូរកាត់រដ្ឋចំនួន៥នៅភាគខាងកើតប្រទេស។
ទន្ទឹមនឹងនោះដែរ ភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងឆ្ងាយទៅដល់តំបន់ត្រូពិចភាគឦសានប្រទេសកាលពីខែមករា៕ AFP
Source: Kampuchea Thmey Daily
0 Comments