Ad Code

បើកភ្នែក​ឡើង​រថយន្ដ​បែន​ពីរ​គ្រឿង​បើក​បុក​គ្នា ដាច់​តួ​ឡាន​ជា​បី​កំណាត់​អ្នក​បើករថយន្ដ​ទាំងពីរ​រង​របួស​ធ្ងន់



កណ្ដាល ៖ រថយន្ដ​ពីរ​គ្រឿង​សុទ្ធ​តែ​ជា​ប្រភេទ​រថយន្ដ​បែន​ដឹកដី ​និង​ដឹក​ថ្ម ​បាន​បើក​បុក​គ្នា​ពេញទំហឹង​ ខណៈ​បើកបរ​បញ្ច្រាសទិស​គ្នា ដោយ​រថយន្ដ​បែន​មួយ​គ្រឿង​ដែល​ពុំ​មាន​ដឹក​អី​នោះ​ទេ​បាន​ជ្រុល​ចូល​ចំណែក​ផ្លូវ​រថយន្ដ​បែន​ដឹក​ថ្ម បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្ដាល​ឲ្យ​រថយន្ដ​បែន​អត់​មាន​ដឹក​អី​នោះ​បាន​ដាច់​កង់​ពីរ​គ្រាប់​និង​កាប៊ីន​ខ្ទាត​ចេញពី​តួ រមៀល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​តាម​ចិញ្ចើម​ផ្លូវ ហើយ​តួ​រថយន្ដ​នោះ​បាន​ខ្ទាត​ចេញ​ពីគ្នា​ពី​២០​ទៅ​៣០​ម៉ែត្រ អ្នកបើកបរ​រង​របួស​ធ្ងន់ ចំណែក​រថយន្ដ​បែន​ដឹក​ថ្ម​ ដែល​មាន​បិទ​ឡូហ្គោ​អគ្គបញ្ជាការ​កងទ័ពជើងគោក ក៏​រង​ការខូចខាត​កំ​ពិត​កាប៊ីន​មុខ​ហើយ​អ្នកបើកបរ​របួសធ្ងន់​ដែរ តែ​សមត្ថកិច្ច​ទៅ​មិនទាន់ រត់​គេច​ខ្លួន​បាត់​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ព្រឹក ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ភូមិ​ត្រ​ពាំ​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ជា​ប្រភេទ​បែន​ដឹក​ដី ពណ៌​សលាយ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4017 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ តេង ឈុន​ទី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វិត​តូច ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈ ខេត្តកំពង់ចាម បាន​រង​របួស​ធ្ងន់ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​បែន​ដឹក​ថ្ម ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​២-៣-០៦២២ មាន​បិទ​ឡូហ្គោ​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នៅ​ជាប់​ទ្វារ​ផង បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន រត់គេចខ្លួន​បាត់ស្រមោល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​បាន​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ដោយ​រថយន្ត​បែន​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ មាន​ដឹក​ថ្ម​ពេញ​ទ្រុង​បាន​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ដោយឡែក​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ីយ៉ាន់ដាយ បើកបរ​បោះពួយ​ក្នុង ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ត្រង់​ចំណុច​កើត​ដោយសារ​មិន​ប្រកាន់​ស្ដាំ ហើយ​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ក៏បាន​រេ​ចង្កូត​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ថ្ម​ពេញទំហឹង​តែម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេលនោះ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​បាន​ដាច់​កាប៊ីន​ចេញពី​តួ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​រមៀល​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ និង​ដាច់​កង់​មុខ ទាំង​២​គ្រាប់​រមៀល​ខ្ទាត​ចេញពី​តួ​ចម្ងាយ​ប្រមាណ​ជាង​៣០​ម៉ែត្រ​។ ចំណែក​អ្នកបើកបរ​បាន​ធ្លាក់​ចេញពី​កាប៊ីន​រថយន្ត ដួល​ដេក​ក្នុង​ថ្លុកឈាម​នៅលើ​ផ្លូវ​ក្បែរ​តួ​រថយន្ត។ រីឯ​រថយន្ត​បែន​មាន​ដឹក​ថ្ម​បាន​ក្រពឹត​រួញ​កាប៊ីន​រង​ការខូចខាត​ទាំងស្រុង ព្រមទាំង​ផ្ទុះ​ពោង​សុវត្ថិភាព ហើយ​អ្នកបើកបរ​រថយន្ត​នេះ​ក៏​រង​របួស​ដែរ ព្រោះ​ប្រទះឃើញ​មាន​ឈាម​ហូរ​នៅ​ក្បែរ​រថយន្ត បន្ទាប់មក​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ចុះទៅ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ ព្រមទាំង​បញ្ជូន​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ហើយ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង​ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ការ​ដោះស្រាយ​គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu