Ad Code

ជិះ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន បត់​ឆ្លង​ផ្លូវ ត្រូវ​រថយន្ត​បុក​ពីក្រោយ​រង​របួស​ធ្ងន់



រតនគិរី ៖ ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​រថយន្ត​កាមរី​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ​ត្រង់​ចំណុច​មុខ​ផ្សារ​ស្រុក​កូន​មុំ ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។



អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​លោក ពុធ សា​វី បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ យ៉ិន ចន្ថា ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគីរី បាន​រងរបួស​ធ្ងន់ បាក់​ចង្កេះ​និង​បែកក្បាល ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុយ​សា​គី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1H-8743 ក្នុង​ទិសដៅ​ពី​លិច​មក​កើត ​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បត់​ឆ្លង​ផ្លូវថ្នល់​មិនបាន​មើល​ក្រោយ​ ស្រប​ពេល​រថយន្ត​មកដល់​បុក​យ៉ាង​ពេញទំហឹង​តែម្តង​។ ក្រោយ​កើតហេតុ​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ប្រមាណ​១​គីឡូម៉ែត្រ​ទុក​រថយន្ត​ចោល​ហើយ​គេចខ្លួន​បាត់ស្រមោល​។



លោក ពុធ សា​វី បាន​បន្តទៀតថា រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ហើម ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-5866 បើកបរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើ​ត​ស្រប​ទិស​គ្នា​។

ក្រោយពេល​កើតហេតុ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​។ ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រឹបអូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu