Ad Code

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​សំណង​ សង្ស័យ​កម្ទេច​ភ្លើង​ហើរ​ពី​កន្លែង​ចាក់សំរាម



កណ្តាល ៖ ឃ្លាំង​ស្តុក​សម្ភារៈ​សំណង់​មួយ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ប្រមាណ​៥០%​ក្រោយមក​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយសង្គ្រោះ​ទាន់ពេល​ សង្ស័យ​បណ្តាល​មក​ពី​ហើរ​កម្ទេច​ភ្លើង​ពី​ទីលាន​ចាក់សំរាម។



លោក​វរសេនីយ៍ឯក អ៊ុ​ល ប៊ុណ្ណា ស្នងការ​រង​ទទួល​ផែន​បង្ការ ពន្លត់អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​នេះ​ បាន​កើតឡើង​ក្នុងអំឡុង​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៨ កុម្ភៈ ២០១៩ នៅក្នុង​ទីតាំង​ឃ្លាំង​ស្តុក​សម្ភារៈ​សំណង់​មួយ ក្នុងភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល មាន​ម្ចាស់​ឈ្មោះ គង់​។



លោក​បាន​បន្ត​ថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចេញ​បញ្ជា​ឲ្យ​ជួយ​សង្គ្រោះ​ជាបន្ទាន់ ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង ហើយ​បន្ទាប់ពី​កម្លាំង​របស់​យើង​ខិតខំ​ប្រឹងប្រែង​អន្តរាគមន៍ ដោយ​ប្រើ​ពេល​ប្រមាណ​ជាង​១​ម៉ោង​ ទើប​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។ អគ្គិភ័យ​នេះ បណ្តាល​ឲ្យ​ឆេះ​ក្តារ​កុង​ប្លា​កេ និង​ស័ង្កសី​ចាស់ រួមជាមួយ​សម្ភារៈ​ផ្សេងៗ​ទៀត​អស់​មួយចំនួន ដែល​មិនទាន់​អាច​សរុប​ជា​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ ហើយ​តាម​ការ​សន្និដ្ឋាន គឺអាច​បណ្តាល​មក​ពី​ហើរ​កំទេច​ភ្លើង​ ពី​ទី​លាន​ចាក់សំរាម​នៅក្បែរ ដែល​គេ​ដុត​សំរាម​។ ហើយ​បើ​ទោះ​បី​ភ្លើង​បាន​រលត់​ក៏ដោយ ក៏​យើង​នៅតែ​មិនទាន់​ដក​រថយន្ត​ចេញ​ដែរ ព្រោះតែ​ខ្យល់​នៅតែ​បក់​ខ្លាំង​ខ្លាចក្រែង​កម្ទេច​ភ្លើង​មក​លើ​ឆេះ​មក​ម្តង​ទៀត។



លោក​ស្នងការ​រង ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែរ​ថា សូមមេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់​ទាំងអស់គ្នា ព្រោះតែ​ខែ​នេះ​ជា​រដូវ​ក្តៅ និង​មិន​ត្រូវ​ដុត​សំរាម​ផ្ដេសផ្ដាស​នោះ​ទេ ព្រោះ​វា អាច​បង្កឲ្យ​មាន​អគ្គីភ័យ​កើតឡើង​ជាយថាហេតុ ដែលនាំ​ឲ្យ​ខូចខាត​បាត់បង់​ទ្រព្យសម្បត្តិ ហើយ​ជួនកាល​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង។



ចំណែកឯ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ បាន​ប្រាប់​ថា ទីតាំង​ចាក់សំរាម​នេះ គឺ​តែង​ដុត​សំរាម​ជា​រៀងរាល់ថ្ងៃ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​ណាស់ ហើយក៏​សូម​សំណូមពរ​មេត្តា​ជួយ​អន្តរាគមន៍​ផង​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu