កំពង់ឆ្នាំង ៖ បុរសជាមន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានបាញ់កាំភ្លើងខ្លី៣គ្រាប់ឡើងលើ ធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់រយនាក់ផ្អើលនៅក្នុងរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទី នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៩។
សមត្ថកិច្ចនគរបាលមូលដ្ឋាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសខាងលើ ដែលមាន ឈ្មោះ រ៉េន រិទ្ឋី ពាក់ស័ក្ដិ៥ មានតួនាទីជាអធិការកិច្ចក្រសួងការពារជាតិ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានដកកាំភ្លើងខ្លី ម៉ាកកា៥៤បាញ់ ចំនួន៣គ្រាប់ ធ្វើឲ្យភ្ញាក់ផ្អើលភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលកំពុងលេងកម្សាន្តនៅក្នុងរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ស្រែអំពិលជ្រោះ ដែលធ្វើឲ្យអ្នកខ្លះរត់ឡើងគោក ខ្លះទៀតរត់ចូលរថយន្តយ៉ាងប្រញាប់ប្រញាល់ បើកចេញពីតំបន់នោះ។
ក្រោយពេលកើតហេតុ ប្រជាការពារ និងសមត្ថកិច្ចការពារនៅតំបន់នោះ បាននាំគ្នារត់ដេញចាប់ខ្លួនជនបង្កបញ្ជូនមកកាន់អធិការនគរបាលស្រុកទឹកផុស ដើម្បីចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments