តាកែវ ៖ ជនសង្ស័យក្នុងករណីបង្កហិង្សាដោយចេតនាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលបាស្រែ ស្រុកអង្គរបូរី ចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹង បន្ទាប់ពីយកថ្នោលទូកវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសជាទម្ងន់។
ករណីហិង្សានេះ បានកើតឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧និង១០នាទីព្រឹក នៅស្ទឹងសន្តោក ចំណុចព្រែកវាំងកែវ ស្ថិតក្នុងភូមិពួនកកា ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។
ប៉ូលិសស្រុកអង្គរបូរីបានប្រាប់ថា ជនបង្កមានឈ្មោះ ឆឹង ណាក់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី។ ជនសង្ស័យ បានធ្វើសកម្មភាព ដោយយកថ្នោលទូកវាយទៅលើឈ្មោះ យ៉ាំ ហុង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា ត្រូវត្រង់ក្បាលចំហៀងខាងស្តាំ បណ្តាលឲ្យរងរបួសជាទម្ងន់។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ចំណែកជនបង្កត្រូវបានប៉ូលិសនៃអធិការនគរបាលស្រុកអង្គរបូរីចាប់ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments