Ad Code

មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ទើប​ចូលកាន់​តំណែង មិន​ត្រូវ​បញ្ជា​កងកម្លាំង​ទៅ​ធ្វើ​អ្វី​ ដែល​ផ្ទុយ​ពី​តួនាទី ភារកិច្ច​របស់​ស្ថាប័ន​កងយោធពលខេមរភូមិន្ទ



រតនគិរី​ ៖​ លោកនាយ​ឧត្ដមសេនីយ៍​ សៅ​សុខា ​អគ្គ​មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ណាប់ ប៊ុនហេង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រត​គិរី​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១៤​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ​លោកនាយ​ឧត្ដមសេនីយ៍ សៅ ​សុខា ​អគ្គ​មេបញ្ជាការ​រង​កងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ការព្រមាន​ដល់​មន្ត្រី​ក្រោម​ឱវាទ មិន​ត្រូវ​យក​តួនាទី​របស់​ខ្លួន​ធ្វើជា​មុខរបរ​ឡើយ ដើម្បី​ចៀសវាង​ការចោទប្រកាន់​ពី​មហាជន​ទូទៅ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ និង​សេចក្ដី​ថ្លៃថ្នូរ វិន័យ​របស់​មន្ត្រី​នគរបាល ប្រសិនបើ​រក​ឃើញ​ថា ​មន្ត្រី​រូប​ណា​ប្រព្រឹត្តិ​ទង្វើ​បែបនេះ ត្រូវ​ទទួលទោស​ទៀត​ផង។

លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​មានប្រសាសន៍ថា ក្នុងនាម​មន្ត្រី​កងរាជអាវុធហត្ថ ជា​អ្នកបម្រើ​ប្រជាជន ត្រូវតែ​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​រៀងៗ​ខ្លួន និង​រក្សា​បាន​នូវ​សេចក្តីថ្លៃថ្នូ សាមគ្គី​ផ្ទៃក្នុង​អង្គភាព​ឲ្យ​បាន​រឹងមាំ ដើម្បី​ធានា​បាន​នូវ​ការ​បំពេញ កិច្ច​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព កាន់តែ​ប្រសើរ​ឡើង។

តែ​ទោះជា​បែបនេះ​ក្តី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ទាំងអស់ ត្រូវ​ចៀសវាង​ឲ្យ​បានជា​ដាច់ខាត​រាល់​ការ យក​តួនាទី ភារកិច្ច របស់ខ្លួន​ទៅធ្វើជា​មុខរបរ និង​កៀបសង្កត់​មន្ត្រីក្រោមឱវាទ​ក្នុង​អង្គភាព តាម​គ្រប់ រូបភាព​ណាក៏ដោយ។ ប្រសិនបើ​រកឃើញថា មន្ត្រី​រូប​ណា​បាន​ប្រព្រឹត្តិ​ទង្វើ​អសកម្ម​ណាមួយ ក្នុង​អង្គភាព មន្ត្រី​នោះ​នឹង​ត្រូវតែ​ទទួលទោស​ជាមិនខាន​ឡើយ។

ជាមួយគ្នានេះដែរ លោក ថង សាវុន​អភិបាលខេត្ត​រតនគិរី​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​គ្រប់​មូលដ្ឋាន​ទាំងអស់ ត្រូវ​បង្កើន​ការ​សហការ​គ្នាជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​បន្ត​រួមគ្នា បំពេញភារកិច្ច​ ដែល​រាជរដ្ឋាភិបាល​ប្រគល់ ជូន ដើម្បី​រក្សា​បាន​នូវ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រតនគិរី​ឲ្យ​មាន​ភាព​កក់ក្តៅ ជាពិសេស​នោះ ​ត្រូវ​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេងៗ​ ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត។

លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរីរ​ ដែល​ទើប​តែងតាំង​ថ្មី បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន ម៉ឺងម៉ាត់​បំផុត​រាល់​ការ​ដាក់ចេញ​នូវ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ជាពិសេស​នោះ ធ្វើ​ឲ្យ​ផ្ទៃក្នុង​អង្គភាព​កាន់​តែមាន​ភាព​រឹងមាំ សំដៅ​ដល់​ការ បម្រើ ការពារ ផលប្រយោជន៍​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​ប្ដេជ្ញា​គោរព​នៅ​អនុសាសន៍​៧​ចំណុច​និង​ពាក្យ​ស្លាក​៣​ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​ សុខា​ អគ្គ​មេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​មាន​ជាអាទិ៍​ដូចតទៅ​%១​ធ្វើការ​តាមដាន​ក្តាប់​សភាពការណ៍​ទូទៅ​បម្រើ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ដែល​មក​​កម្សាន្ត។ ​២-​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​និង​បង្ក្រាប​រាល់​បទល្មើស​ដោយ​ទុច្ចរិត​យកចិត្តទុកដាក់​និង​ឲ្យ​ទាន់ពេលវេលា​លើ​បទបញ្ជា ការ​ជួញដូរ​មនុស្ស​ការចែក​ចាយ​គ្រឿងញៀន​ការនាំ​ចូល​ទំនិញ​គេចពន្ធ​និង​ទំនិញ​ខូចគុណភាព​ការ​លួច​ភ្លន់ ​ការដឹង​ជញ្ជូន​និង​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​បទល្មើស​ធនធាន​ធម្មជាតិ​ការពារ​ស្ពាន​ថ្នល់​និង​សមិទ្ធផល​សាធារណៈ​គ្រប់​ប្រភេទ។ ៣-​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​នៅ​តួនាទី​របស់​កងរាជអាវុធហត្ថ​តាម​ខ្លឹមសារ​អនុក្រឹត្យ​៧៧​គឺ​រ៉ាប់រង​សកម្មភាព​តាម​ប៉ូលិស​រដ្ឋបាល​ប៉ូលិស​តុលាការ​តម្រួតយោធា​និង​សហការ​ជាមួយ​អន្តរក្រសួង។ ៤-​ចូលរួម​ការពារ​សន្តិ​សុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។​ ៥-​ពន្លឿន​ការអនុវត្ត​ច្បាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ការងារ​បង្ក្រាប​ត្រូវ​ចេះ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កងកម្លាំង​អាជ្ញាធរ​មូលដ្ឋាន។ ៦-​រៀបចំ​មធ្យោបាយ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ឧបទ្ទវហេតុ​ផ្សេងៗ​ដូចជា​គ្រោះធម្មជាតិ​អគ្គីភ័យ​ទឹកជំនន់​និង​គ្រោះថ្នាក់​ចរាចរណ៍​។ ​៧-​រៀប​កម្លាំង​មធ្យោបាយ​បរិក្ខារ​ដើម្បី​ប្រយុទ្ធ​ចាំ​ទទួល​បទបញ្ជា​ថ្នាក់លើ​។ ​រួមជាមួយ​ពាក្យ​ស្លោក​៣​ឃ្លា​(​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ)។

សូមបញ្ជាក់ថា ការតែងតាំង​មុខតំណែង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ថ្មី​នេះ គឺ​តែងតាំង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន អត្តលេខ 009751 មេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ជំនួស​លោក ឧ​ត្ត​ម​សេនីយ៍ត្រី ​គឹម ​រស្មី អត្តលេខ​017893​អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តរតនគិរី ដែល​ត្រូវ​ព្រះមហាក្សត្រ​លុបឈ្មោះ​ពី​គ្រប​ខណ្ឌ​កងយោធពលខេមរភូមិន្ទ​នាពេល​ថ្មីៗ​កន្លងទៅនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu