តាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសជំនាញនៃអធិការនគរបាលស្រុកគីរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋានចាប់ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកដទៃសម្រេចមិនបានប៉ុន្មានម៉ោងផង។
ការចាប់ខ្លួនជនសង្ស័យករណីលួចម៉ូតូនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៧និង២៣នាទី ដែលដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិននៅចំណុចភូមិថ្មី ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
លោកអធិការស្រុកបានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីចោរកម្មនេះ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវផងនោះ កម្លាំងអធិការនគរបាលស្រុកបានចុះបង្ក្រាបរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលមានឈ្មោះ ខុម ខែត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរីវង់។ លោកអធិការបញ្ជាក់ដែរថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចម៉ូតូពីឈ្មោះ ញ៉ាន់ ចំរើន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំភ្នំដិន ស្រុកគីរីវង់។
បច្ចុប្បន្នក្រោយចាប់ខ្លួនកម្លាំងជំនាញនៃអធិការនគរបាលស្រុកគីរីវង់ បានធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនៅនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments