រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសនេះត្រូវតែអភិវឌ្ឍប្រព័ន្ធមីស៊ីលប្រភេទថ្មីក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូចាកចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធដ៏សំខាន់មួយ។
សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសរុស្ស៊ីម្តងហើយម្តងទៀតថាបានរំលោភលើកិច្ចព្រមព្រៀងកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ហើយកាលពីថ្ងៃសុក្រលោកប្រធានាធិបតី Donald Trump បាននិយាយថា ក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមដំណើរការដកខ្លួនចេញពីសន្ធិសញ្ញានេះក្នុងរយៈពេល៦ខែ។
កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ក្រុងមូស្គូក៏នឹងចាកចេញពីសន្ធិសញ្ញានេះផងដែរហើយចាប់ផ្តើមការងារលើអាវុធប្រភេទថ្មីដែលនឹងរំលោភលើកិច្ចព្រមព្រៀងសម័យសង្គ្រាមត្រជាក់ដ៏សំខាន់មួយនេះ។
ក្រុមអ្នកវិភាគបាននិយាយថា ការបោះបង់ចោលសន្ធិសញ្ញាឆ្នាំ១៩៨៧មួយនេះបានបង្ហាញសញ្ញាអំពីការចាប់ផ្តើមនៃការប្រកួតប្រជែងសព្វាវុធថ្មី។
នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមមន្ត្រីកាលពីថ្ងៃអង្គារ លោក Shoigu បាននិយាយថា ប្រទេសរុស្ស៊ីគួរតែអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មីចំនួនពីរក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។
លោក Shoigu បានប្រាប់ក្រុមមន្ត្រីការពារជាតិថា “ក្នុងអំឡុងឆ្នាំ២០១៩-២០២០ យើងត្រូវតែអភិវឌ្ឍប្រព័ន្ធមានមូលដ្ឋានលើដីគោកឈ្មោះ Kalibr ដែលបំពាក់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយដែលបានបង្ហាញពីលទ្ធផលយ៉ាងល្អនៅក្នុងប្រទេសស៊ីរី”។
លោកបាននិយាយថា “ក្នុងរយៈពេលដូចគ្នានេះ យើងក៏នឹងត្រូវតែបង្កើតប្រព័ន្ធមីស៊ីលដែលមានមូលដ្ឋានលើដីគោកជាមួយមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយផងដែរ”។
រដ្ឋមន្ត្រីការពារជាតិរូបនេះបាននិយាយថា ផែនការនេះត្រូវបានយល់ព្រមដោយលោក Putin ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង INF បានហាមមិនឲ្យបាញ់មីស៊ីលរយៈខ្លីនិងមធ្យមចេញពីដីគោកប៉ុន្ដែមិនហាមឃាត់មីស៊ីលដែលបាញ់ចេញពីអាកាសឬសមុទ្រទេដែលប្រទេសរុស្ស៊ីមានរួចទៅហើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments