ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញបញ្ជាឲ្យប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ចុះអង្កេតស្រាវជ្រាវករណីស្ត្រីម្នាក់ស្លាប់ ក្រោយពេលសម្រាលកូននៅមណ្ឌលសុខភាពមេ ស ថ្ងក នៅស្រុកចន្ទ្រាខេត្តស្វាយរៀងរួចហើយ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសាររងគ្រោះ។
លោកស្រី ឱ វណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាលបានថ្លែងប្រាប់កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០១៩ឲ្យដឹងថា «បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីស្ត្រីម្នាក់ស្លាប់ក្រោយពេលសម្រាលកូនរួចនៅមណ្ឌលសុខភាព មេ ស ថ្ងក ស្ថិតនៅភូមិពោធិ៍ ឃុំ មេស ថ្ងកស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាឲ្យលោកប្រធានមន្ទីរខេត្តចុះធ្វើការស្រាវជ្រាវភ្លាមដើម្បីស្វែងរកការពិតថាតើការស្លាប់ហ្នឹងបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដ»។
បើតាមក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា ស្ត្រីដែលស្លាប់នោះ មានឈ្មោះ ប្រាក់ សូដា បានឈឺពោះសម្រាលកូនតាំងតែពីម៉ោងប្រហែល២រសៀល ហើយទារកមានសុខភាពល្អប្រសើរណាស់។ ប៉ុន្តែបន្ទាប់គ្រូពេទ្យទម្លាក់សុករួចស្រាប់តែធ្វើឲ្យប្អូនស្រីរបស់គាត់មានអាការៈធ្លាក់លោហិតយ៉ាងច្រើន ហើយចេះតែខ្សោយទៅៗ រហូតដល់ម៉ោងប្រហែល៤រសៀល ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជីភូ ជាអកុសលទៅដល់មន្ទីរពេទ្យភ្លាម ក៏ស្លាប់បាត់បង់ជីវិតតែម្តង។
ជាមួយគ្នានេះដែរក្រុម គ្រួសារជនរងគ្រោះ បានសំណូមសូមលោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងមេត្តាជួយសម្រួលចាត់មន្ត្រីចុះមកអន្តរាគមន៍ស្រាវជ្រាវចំពោះបញ្ហានេះផង ។
ពាក់ព័ន្ធករណីនេះដែរ លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់កាលពីរសៀលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ករណីស្ត្រីសម្រាលកូនរួចស្លាប់នៅមណ្ឌលសុខភាពមេ ស ថ្ងកនេះគឺបណ្តាលមកពីការធ្លាក់ឈាមច្រើនពេកដោយសារតែស្បូនជនរងគ្រោះខ្សោយមិនអាចជួយកន្ត្រាក់ទប់ឈាមដែលហូរខ្លាំងមកបាន។
លោកវេជ្ជបណ្ឌិតបានបន្តថា «ប្រសិនបើនៅជិតមន្ទីរពេទ្យបង្អែកនោះ យើងនឹងអាចបញ្ចូលឈាមដើម្បីជួយសង្គ្រោះស្ត្រីរងគ្រោះបាន តែនេះដោយសារតែវានៅឆ្ងាយហើយបញ្ជូនមកមិនទាន់ពេលវេលាទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតគួរឲ្យសោកស្តាយបែបនេះ»៕
Source: Kampuchea Thmey Daily
0 Comments