Ad Code

វាយ​ទាត់​ធាក់​ឪពុក​ខ្លួនឯង​យ៉ាង​ដៃ ត្រូវ​អ្នកជិតខាង​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច



តាកែវ​ ៖​ កូនប្រុស​អមត្តញ្ញូ​ម្នាក់​ ត្រូវ​បាន​ប្រជា​ការពារ​ភូមិ​ និង​ពលរដ្ឋ​ជិតខាង​ចាប់ខ្លួន​ ប្រគល់​ឲ្យ​ប៉ូលិស​ភ្លាមៗ​ ក្រោយពី​បង្ក​ហិង្សា​វាយ​ទាត់​ធាក់​ឪពុក​បង្កើត​ខ្លួនឯង​យ៉ាង​ចាស់ដៃ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ មាស ថា ​ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ (​ជា​ជនរងគ្រោះ​)​រស់នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ប្រាប់​ថា ពិតជា​មាន​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​និង​គំរាម​ថា​នឹង​សម្លាប់​ពិត​ប្រាក​ដ​មែន​នៅវេលា​ថ្ងៃកើតហេតុ​ខាងលើ ដែល បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ មាស វិចិត្រ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ដែល​ត្រូវជា​កូនបង្កើត​ជនរងគ្រោះ រស់នៅ​ផ្ទះ​ជាមួយគ្នា​។

ប៉ូលិស​បាន​បន្តថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ឪពុក​របស់ខ្លួន​ដោយ​ទាត់​ចំនួន​៧​ជើង​និង​វ៉ៃ​ចំនួន​៤​ដៃ ព្រមទាំង​យក​ដាវ​និង​កាំបិត​បម្រុង​កាប់សម្លាប់​ឪពុក​របស់ខ្លួន​ទៀតផង តែ​ពេលនោះ​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​ជិតខាង​បាន​ចាប់​ឃាត់ខ្លួន​ប្រ​គល់​ឲ្យ​សមត្ថកិច្ច​តែម្ដងទៅ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ក្នុងករណីនេះ ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​ត្រាំកក់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu