រដ្ឋាភិបាលជប៉ុន បានបញ្ជាឲ្យអ្នកកាសែតឯករាជ្យជើងចាស់មួយរូប ត្រូវប្រគល់លិខិតឆ្លងដែនរបស់គាត់ដើម្បីរារាំងគាត់ពីការធ្វើដំណើររាយការណ៍ទៅកាន់ប្រទេសយេមែន។
ការសម្រេចចិត្តនេះ បានកើតឡើងចំពេល មានការជជែកវែកញែកនៅក្នុងប្រទេសជប៉ុនអំពីថា តើអ្នកកាសែតគួរតែ ត្រូវបានរារាំងពីការចូលទៅកាន់តំបន់សង្គ្រាមដែរឬអត់បន្ទាប់ពីការចាប់ខ្លួននិងដោះលែងអ្នកយកព័ត៌មានជប៉ុនម្នាក់នៅក្នុងប្រទេសស៊ីរីកាលពីឆ្នាំមុន។
លោក Kosuke Tsuneoka អាយុ៤៩ឆ្នាំបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមមន្ត្រីអន្តោប្រវេសន៍បានបញ្ឈប់គាត់នៅឯអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូកាលពីថ្ងៃទី២ខែកុម្ភៈដោយលើកឡើងពីការបញ្ជាឲ្យគាត់ប្រគល់លិខិតឆ្លងដែនរបស់គាត់។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Taro Kono បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលបានចេញបញ្ជាចំពោះបុរសជនជាតិជប៉ុនម្នាក់នៅព្រលានយន្តហោះ Haneda។
នៅពេលត្រូវបានចោទសួរថាតើសកម្មភាពនេះរំលោភលើសិទ្ធិធ្វើដំណើររបស់លោក Tsuneoka ដែរឬអត់នោះ លោក Kono បាននិយាយថា អ្នកកាសែតមានសិទ្ធិដោះស្រាយផ្នែកច្បាប់។
លោក Kono បានថ្លែងថា “ខ្ញុំមានបំណងបង្ហាញពីការគោរពដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះអ្នកកាសែតដែលកំពុងរាយការណ៍នៅកន្លែងគ្រោះថ្នាក់”។
គួរបញ្ជាក់ថា លោក Tsuneoka គ្រោងនឹងចាកចេញទៅកាន់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះតាមរយៈប្រទេសកាតានិងស៊ូដង់។
វិធានការដ៏កម្រនេះបានកើតឡើងចំពេលមានទស្សនៈចម្រុះនៅក្នុងប្រទេសជប៉ុនចំពោះមនុស្សដែលមានហានិភ័យជាមួយនឹងសុវត្ថិភាពរបស់ពួកគេបន្ទាប់ពីការសម្លាប់និងការចាប់ពង្រត់ដ៏គួរឲ្យភ្ញាក់ផ្អើលលើអ្នកកាសែតនិងជនជាតិជប៉ុនដទៃទៀតនៅតំបន់មជ្ឈឹមបូព៌ា។
ទោះបីជាយ៉ាងណាក៏ដោយ លោក Tsuneoka មិនអាចទាក់ទងបានភ្លាមៗសម្រាប់ការអត្ថាធិប្បាយទេប៉ុន្តែបានពិភាក្សាអំពីការលំបាករបស់គាត់ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន។
គាត់បាននិយាយថា គាត់មានផែនការផ្សព្វផ្សាយអំពីកម្មវិធីមនុស្សធម៌និងជំនួយនៅក្នុងប្រទេសយេមែនដែលជាកន្លែងពួកឧទ្ទាមត្រូវជាប់នៅក្នុងសង្គ្រាមមួយជាមួយកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតចាប់តាំងពីឆ្នាំ២០១៥មក៕ AFP
Source: Kampuchea Thmey Daily
0 Comments