ភ្នំពេញ ៖ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា បុរសស្បែកខ្មៅ៥នាក់ និងស្ត្រីខ្មែរ២នាក់ ដែលសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកប្រាក់ តាមរយៈសារអេឡិចត្រូនិកនោះ ត្រូវបានចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។
តាមដីកាបង្គាប់ឲ្យឃុំខ្លួន ដោយលោកចៅក្រម សេង លាង ចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩, តុលាការបានសម្រេចចោទប្រកាន់ និងធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសលើឈ្មោះ
១-ឈ្មោះ Sabir Hussain ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន
២-ឈ្មោះ John Amandi Uzoezie ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា
៣-ឈ្មោះ Okonjo Chris Tian Ocechvkwuka ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ កើតនៅប្រទេស នីហ្សេរីយ៉ា
៤-ឈ្មោះ Milano Dubem ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ កើតនៅប្រទេស នីហ្សេរីយ៉ា
៥-ឈ្មោះ រុន រដ្ឋា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ
៦-ឈ្មោះ រុន បញ្ញា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។
តាមខ្លឹមសារ ដែលត្រូវបានសមត្ថកិច្ច បង្ហោះជាសាធារណៈលើសង្គមហ្វេសប៊ុក បានបញ្ជាក់ពីសកម្មភាពរបស់ជន សង្ស័យមួយក្រុមនេះឲ្យដឹងថា ជនសង្ស័យបានលេងល្បិច ប្រើប្រាស់អ៊ីមែលផ្ញើសារទៅរកជនរងគ្រោះនៅក្នុងស្រុកខ្មែរ ដោយប្រាប់ថា ពួកគេកំពុងមានជំងឺជាទម្ងន់ ហើយមានមរតកយ៉ាងច្រើន នឹងត្រូវការប្រគល់ឲ្យជនរងគ្រោះ ប៉ុន្តែតម្រូវឲ្យជនរងគ្រោះ ផ្ញើប្រាក់មួយចំនួនឲ្យគេជាមុនសិន ដើម្បីរៀបចំឯកសារផ្ទេរមរតកនោះ។
ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តដាក់ លើបទល្មើសប្រឆាំងបច្ចេកវិទ្យា ជាល្បិចដ៏ចាស់គំរឹលនេះ ជនសង្ស័យបានធ្លាក់ចូលអន្ទាក់របស់សមត្ថកិច្ច និងត្រូវឃាត់ខ្លួនជាក្រុម យោងតាមពាក្យបណ្តឹងជនរងគ្រោះ។ ជាមួយនោះផងដែរនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយជាច្រើនដងហើយ ពាក់ព័ន្ធទៅនឹងល្បិចកលដ៏គម្រក់ ពីសំណាក់ជនទុច្ចរិតនេះ ដែលសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នូវករណីឆបោកដែលជនល្មើសប្រើប្រាស់វិធីផ្សេងៗ ដូចជា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យពួកគេ៕
Source: Kampuchea Thmey Daily
0 Comments