សភាមីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានបោះឆ្នោតបង្កើតគណៈកម្មាធិការមួយដើម្បីពិភាក្សាអំពីការកែប្រែរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះបើទោះបីជាមានការជំទាស់ពីតំណាងរាស្ដ្រសម្ព័ន្ធភាពយោធាប្រឆាំងនឹងទង្វើមួយដែលទំនងជាប្រជែងនឹងអំណាចរបស់កងទ័ពក៏ដោយ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចរបស់លោកស្រីអ៊ួងសានស៊ូជីបានដាក់សំណើជាបន្ទាន់មួយកាលពីសប្តាហ៍មុនក្នុងគោលបំណងកែប្រែផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញព្រាងដោយយោធាឆ្នាំ២០០៨ដែលគណបក្សនេះចាត់ទុកថាគ្មានប្រជាធិបតេយ្យ។
វាជាបញ្ហាប្រឈមដ៏ធំបំផុតរបស់ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះចំពោះអំណាចរបស់យោធាក្នុងរយៈពេលជិត៣ឆ្នាំហើយបានបង្កឲ្យមានការតវ៉ានៅក្នុងសភាពីសំណាក់អ្នកតែងតាំងកងទ័ពដែលបានឈរស្ងៀមស្ងាត់អស់រយៈពេលជាច្រើននាទីដើម្បីបង្ហាញពីការប្រឆាំងរបស់ពួកគេ។
ការអនុម័តនេះបានកើតឡើងខណៈមេដឹកនាំស៊ីវិលនិងយោធាកំពុងប្រឈមនឹងការកើនឡើងនៃសម្ពាធអន្តរជាតិសម្រាប់ការបង្ក្រាបរបស់យោធាលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៧ដែលជំរុញឲ្យមនុស្សប្រហែល៧៣០,០០០នាក់រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែស។
នៅក្នុងការបោះឆ្នោតមួយក្នុងចំណោមសមាជិកនៃសភាទាំងពីរ សមាជិកសភាបានបោះឆ្នោតជាមួយសំឡេង៦១១ទល់នឹង៤១៤ដើម្បីគាំទ្រការបង្កើតគណៈកម្មាធិការនេះ។
គណបក្សរបស់លោកស្រីស៊ូជីបានត្រួតត្រាសំឡេងភាគច្រើនក្នុងសភាសហភាពចម្រុះ។
រដ្ឋធម្មនុញ្ញបានធានាដល់កងទ័ពនូវអាសនៈមួយភាគបួននៅក្នុងសភាក៏ដូចជាការគ្រប់គ្រងនៅក្រសួងសំខាន់ៗផងដែរ។ ការផ្លាស់ប្តូរចំពោះរដ្ឋធម្មនុញ្ញចាំបាច់ត្រូវការការបោះឆ្នោតលើសពី៧៥ភាគរយនៃសមាជិក។
សម្រាប់ការជជែកដេញដោលអំពីសំណើនៅសភាកាលពីថ្ងៃអង្គារ តំណាងរាស្ត្រគណបក្ស NLD បាននិយាយថា មានការគាំទ្រជាសាធារណៈចំពោះការកែប្រែធម្មនុញ្ញហើយថាគណៈកម្មាធិការថ្មីនេះនឹងអនុញ្ញាតឲ្យគណបក្សទាំងអស់បញ្ចេញមតិ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments