កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចរបស់អធិការនគរបាលស្រុកចំការលើ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានលើកដៃវាយឪពុកបង្កើតរបស់ខ្លួនអោយរងរបួស និងបំពេញសំណុំបែបបទត្រៀមបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចាត់ការបន្ត។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៨និង១០នាទីនៅចំណុចលើផ្ទះឈ្មោះហួតហាក់ ភេទប្រុស អាយុ៨០ឆ្នាំជាតិខ្មែរ នៅភូមិអូរប៉ិៈ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីហិង្សាក្នុងគ្រួសារ ០១ បានកើតឡើង បង្កដោយឈ្មោះ ហាក់ ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំកើត ហេតុខាងលើ បានផឹកស្រាស្រវឹងរករឿងឪពុកម្តាយនិងបានធ្វើសកម្មភាព វាយនិងរុញ ជនរងគ្រោះឈ្មោះហួត ហាក់ ភេទប្រុស អាយុ៨០ឆ្នាំ ជាតិខ្មែរ ត្រូវជាឪពុកបង្កើត ចំនួន០១ដៃ ត្រូវរង្វង់ភ្នែកខាងឆ្វេង និងរលាត់ក្បាលជង្គង់ខាងស្តាំ បណ្តាលអោយហើមជាំ។
ប៉ូលិសបានអោយដឹងថា ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជយោ។ ប៉ូលិសបានបន្តថា បន្ទាប់ពីបានទទួលបណ្តឹងនេះភ្លាមលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការ និងបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីធ្វើការសាកសួរ។ ជនរងគ្រោះបានអោយដឹងថា កូនប្រុសអកតញ្ញូនេះ នៅពេលស្រវឹងស្រា ម្តងៗ គឺតែងតែរករឿងឪពុកម្តាយជាច្រើនលើកច្រើនសា និងធ្លាប់អប់រំនៅប៉ុស្តិ៍រដ្ឋបាលម្តងរួចមកហើយ ពេលនេះលោកទ្រាំលែងបានទើបប្តឹងសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។
ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមបញ្ជារបស់លោកហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីបញ្ជូនទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments