ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានចេញអនុក្រឹត្យស្ដីពី ការរំសាយសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជានាវាចរហៅថា«កាំសាប»ដែលចាប់អនុវត្តន៍ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលចុះហត្ថលេខានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
អនុក្រឹត្យនេះ បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីសម្របសម្រួលផ្ទេរក្របខ័ណ្ឌនិយោជក និង និយោជិតរបស់ កាំសាប តាមលទ្ធភាព និង តម្រូវការជាក់ស្តែងចូលទៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ឬ កំពង់ផែស្វយ័តភ្នំពេញ ឬ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។
អនុក្រឹត្យក៏បានប្រគល់ភារកិច្ចឲ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងងឋានៈជាអាជ្ញាធរ ឬគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិង ជាអាណាព្យាបាលហិរញ្ញវត្ថុត្រូវសម្របសម្រួលជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងឋានៈជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និង ជាអាណាព្យាបាលបច្ចេកទេស ផ្ទេរទ្រព្យសម្បត្តិរបស់ កាំសាប រួមមានអចលនវត្ថុ ,ចលនវត្ថុ និង កាតព្វកិច្ចហិរញ្ញវត្ថុដទៃទៀតរួមទាំងបំណុលត្រូវទារ និង បំណុលត្រូវសង តាមនីតិវិធីជាធរមាន។
អនុក្រឹត្យក៏បាននិរាករណ៍នូវលិខិតគតិយុត្តិដែលមានពីមុនដែលពាក់ព័ន្ធនិង កាំសាប ពីមុនចោលទាំងស្រុង។ លិខិតបទដ្ឋានគតិយុត្តិ និង បទបញ្ញត្តិ ទាំងឡាយណាដែលផ្ទុយនឹងបទបញ្ញត្តិនៃអនុក្រឹត្យនេះ។
អនុក្រឹត្យបានបញ្ជាក់ទៀតថា ៖ «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួ ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ»។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយ អំពីការលប់ចោលស្ថាប័នកាំសាប កាលពីថងៃទី ២៥ ខែ មករា នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយសម្តេចបានលើកឡើងថា ៖ «ការលុបចោល កាំសាប នឹងបាត់បង់ចំណូលក្នុងមួយឆ្នាំប្រមាណ ២ លានដុល្លារហើយបង់ចូលថវិកាជាតិប្រហែលជា ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ បើយល់ឃើញថាខាតក្រុមហ៊ុននេះដោយមិនគិតពីសេដ្ឋកិច្ចជាតិទាំងមូលនេះមិនមែនដឹកនាំសេដ្ឋកិច្ចទេ... »។
សម្តេចតេជោនាយរដ្ឋមន្ត្រីបានលើកឡើងទៀតថា៖«នេះហើយដែលហៅពាក្យថាអភិក្រម៥ យ៉ាង ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ មិនមែនបងប្អូននោះជាអ្នកធ្វើកំហុសទេ ក៏ប៉ុន្តែ ដើម្បីការរស់រាននៃសេដ្ឋកិច្ចជាតិនិងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិសម្រួលពាណិជ្ជកម្មនៅក្នុងក្របខ័ណ្ឌនៃការសម្រួលពាណិជ្ជកម្មដែលនៅគ្រប់វេទិកានៃការសន្ទនាទាំងអាស៊ាន ទាំងក្របខ័ណ្ឌ សូម្បីតែនៅក្នុងពេលប្រជុំ G20...។ ប្រធានអគ្គនាយក WTO ក៏បានស្នើខ្ញុំឲ្យមានយោបល់ទាក់ទិនជាមួយកិច្ចការសម្រួលពាណិជ្ជកម្ម។ បញ្ហាកាំសាបនេះក៏ទាក់ទងជាមួយនឹងការសម្រួលពាណិជ្ជកម្ម។ អញ្ចឹងការលុបចោលនូវអង្គភាពកាំសាបក៏មានចំណែកឆ្លើយតបទៅនឹងការសម្រួលពាណិជ្ជកម្មសម្រាប់អ្នកវិនិយោគ ដែលមករកស៊ីនៅកម្ពុជា។ កាំសាបពិនិត្យមើលនៅក្នុងប្រទេសអាស៊ានសព្វថ្ងៃនៅសល់តែយើង និងមីយ៉ាន់ម៉ាទេ។ ក្រៅពីនោះគេលុបចោលអស់ហើយ។ វៀតណាមគេក៏លុបចោលតាំងពីណាពីណីអស់ទៅហើយ។ ឡាវគាត់អត់មានទេព្រោះគាត់អត់ផ្លូវទឹក។ អញ្ចឹងទេយើងលុបចោល។ តម្លៃស្កេននៅតាមកំពង់ផែ ក៏ត្រូវទម្លាក់ចុះដើម្បីផលចំណេញនៃបណ្តារោងចក្រ សហគ្រាស ដែលរកស៊ីនាំចេញនាំចូល។ ផលចំណេញនោះហើយជាការប្រកួតប្រជែងសម្រាប់ទាក់ទាញវិនិយោគមកកាន់ប្រទេសយើង។ ដោយការផលិតនៅក្នុងប្រទេសយើងតម្លៃថោក ការដឹកជញ្ជូននាំចេញក៏តម្លៃថោក...។ ទម្លាក់ចោលនូវតម្លៃគេហៅថាសេវាកាំសាប សេវាផ្នែកកាំកុងត្រូល អញ្ចឹងវាបាត់ហើយ។ អាធ្លាប់បង់ដូចថា ពួកនាវាគេធ្វើផ្ទាល់ នៅសល់នាវាតែប៉ុន្មានទេ ដែលគេមិនធ្វើផ្ទាល់ជាមួយកំពង់ផែ។ កាលណាយើងបាត់អាហ្នឹងទម្លាក់ថ្លៃហ្នឹងចុះ បូកនឹងតម្លៃកាំកុងត្រូល បូកនឹងទម្លាក់តម្លៃស្កេន វានឹងធ្វើឲ្យកាន់តែធូរថ្លៃសម្រាប់អ្នកវិនិយោគនៅក្នុងស្រុកខ្មែរ។ អញ្ចឹងភាពប្រកួតប្រជែងរបស់យើងកាន់តែខ្ពស់»។
គួរបញ្ជាក់ដែរថា កាលពីសប្តាហ៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានចេញអនុក្រឹត្យដកចេញសមត្ថកិច្ចកាំកុងត្រូលពីមាត់ច្រាក់ព្រំដែនអន្តរជាតិទាំងអស់ ដើម្បីកាត់បន្ថយការចំណាយរបស់អ្នកវិនិយោគិននៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងកាន់តែខ្ពស់ ដើម្បីទាក់ទាញការវិនិយោគ នៅក្នុងប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments