ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសារនយោបាយមួយតាមហ្វេសប៊ុករបស់សម្តេចជូនទៅប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសអំពីបរិយាកាសសុខសន្តិភាព នៅកម្ពុជាបានបង្កឱកាសឲ្យប្រជាពលរដ្ឋបានទទួលផលប្រយោជន៍ យ៉ាងច្រើនពីសុខសន្តិភាព។ សម្តេចក៏បានធ្វើការបញ្ជាក់ជាថ្មីក្នុងការធានារក្សាឲ្យបាននូវសុខសន្តិភាព ដោយមិនអនុញ្ញាតឲ្យសង្គ្រាមវិនាសកម្មបំផ្លាញប្រទេសបំផ្លាញក្តីសុខប្រជាពលរដ្ឋកើតមានជាថ្មីនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅFacebook ដែលមានខ្លឹមសារទាំងស្រុងថា «នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះយើងឃើញថាទាំងប្អូនខ្មែរ-ចិននិងខ្មែរគឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថាជាឱកាសជួបជុំទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ,សាច់ញាតិនិងមិត្តភកិ្តព្រមទាំងចែកអាំងប៉ាវផ្តល់នូវភាពសប្បាយរីករាយដែលនាំមកនូវសេចក្តីសុខនិងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា។
សម្ដេចតេជោ បានសម្ដែងការអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ។ ទម្រាំប្រទេសយើងមានឱកាសបានអភិវឌ្ឍរហូតមានកំណើនសេដ្ឋកិច្ចរឹងមាំល្អនិងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលិកម្មខ្លាំងណាស់ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។ ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋក៏កាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ពីការរីកចម្រើននៃប្រទេសជាតិកាន់តែច្រើនឡើងផងដែរ។
សម្ដេចតេជោមានប្រសាសន៍ថា "នៅក្រោមការដឹកនាំរបស់ខ្ញុំគឺដាច់ខាតមិនអោយកម្ពុជាវិលទៅរកសង្គ្រាមវិនាសកម្មសាជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ"។
ពិតជាមានមោទនភាពខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល ៤០ ឆ្នាំ ជាមួយនឹងតំណែងនាយករដ្ឋមន្ត្រី ៣៥ ឆ្នាំ អ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាប្រាថ្នាចង់បាននោះគឺសុខសន្តិភាព និង ការឯកភាពទឹកដី ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ ប្រជាពលរដ្ឋកម្ពុជាអាចយល់បាន ថាបើសម្តេចតេជោ ហ៊ុន សែន មិនមានមាគ៌ាដឹកនាំប្រទេសដ៏ត្រឹមត្រូវទេនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីមិនអាចឈរជើងជានាយករដ្ឋមន្ត្រីរហូតដល់៣៥ ឆ្នាំនោះទេ ។ លន់ នល់ ដឹកនាំប្រទេសជួបវិបត្តិសង្គ្រាមបានតែ ៥ ឆ្នាំប៉ុណ្ណោះ ។ ចំណែក ប៉ុល ពត ដឹកនាំប្រទេសទៅរកវាលពិឃាត បានត្រឹមតែរយៈពេល៣ ឆ្នាំ ៨ ខែ ២០ថ្ងៃប៉ុណ្ណោះ។សម្តេចតេជោ ហ៊ុន សែន កាន់តំណែងសរុប ៤០ ឆ្នាំ ប៉ុន្តែតំណែងស្នូលអំណាចខ្ពស់បំផុតជានាយករដ្ឋមន្ដ្រីមានរយៈពេល ៣៥ ឆ្នាំ នៅសល់ ៥ ឆ្នាំបន្តទៅមុខទៀតនិងបូក ៥ ឆ្នាំបន្តទៅទៀតក៏នៅតែមានប្រជាជនគាំទ្រ ព្រោះសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និង ការអភិវឌ្ឍ គ្មានអ្វីដែលពិសេសជាងនេះទៀតទេ៕
Source: Kampuchea Thmey Daily
0 Comments