Ad Code

ខ្ទើយ ​ដែល​ដៀល​ប្រមាថ​ជនជាតិ​ខ្មែរ​ ត្រូវ​បាន​តុលាការ​​​ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស



ភ្នំពេញ ​៖​ បុរស​ភេទ​ទី​៣​ម្នាក់ ​ដែល​ជេរ​ដៀល​ខ្មែរ​មួយ​ប្រទេស​តាម​ហ្វេ​សប៊ុក ត្រូវ​បាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​​កុម្ភៈ ឆ្នាំ​២០១៩​នេះ ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​គុក​ព្រៃ​ស ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោ​ក​លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី។

នគរបាល​ខណ្ឌដូនពេញ​មានការ​ប្រុងប្រយ័ត្ន​ណាស់​ក្នុងការ​បញ្ជូន​ជនសង្ស័យ​មក​តុលាការ​នេះ ដោយ​ខ្លាច​មហាជន​ផ្ទុះ​កំហឹង​ស្ទាក់​រថយន្ត​សមត្ថកិច្ច​ហើយ​ប្រើ​ហិង្សា​លើ​ជនសង្ស័យ​។​

ជនសង្ស័យ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ កើត​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៦ នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។​

ជននេះ​ត្រូវបាន​នគរបាល​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ ហាង​កាហ្វេ មួយកន្លែង​ក្នុង​ទឹកដី​ខណ្ឌដូនពេញ​។​

ដើមចម​ដែល​នាំ​ឲ្យ​សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ រូបនេះ គឺ​កាលពី​វេលា​ម៉ោង​១៧​និង​២៥​នាទី​យប់​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ព្រះបរមរាជវាំង ​ជនសង្ស័យ បាន Live លើ​ទំព័រ ហ្វេ​ស​ប៊ុ​ក ឈ្មោះ ចំប៉ី​ខ្មៅ Chompey Khmoa ដោយបាន​ស្រែកជេរ​ដៀល​ប្រមាថ​ថា ពូជ​អា​ខ្មែ​រ​តិរច្ឆាន​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្ញុំ​តាមផ្លូវ ដែលមាន​ភ្ជាប់​ឃ្លី​ប វីដេអូ រយៈពេល ១​នាទី ៥៣​វិនាទី ដោយ​ជេរ​ក្រុម​ជន​បង្ក​ដែល​បាន​វាយ​ក្បាល គាត់ មួយ​ក្រ​ញ៉ និង​បាន​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ​។​

ការប្រមាថ​ពូជសាសន៍​ខ្មែរ ដោយសារ​កំហឹង​ចំពោះ​អ្នក​វាយ​ក្បាល​គាត់​បែរ​នេះ បានធ្វើ​ឲ្យ មហាជន ជាពិសេស​ក្រុម​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថ្កោលទោស និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជននេះ​អោយខាងតែបាន​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​អោយ​​សក្ដិសម​ទៅនឹង​កំហុស​។​

ជាការ​កត់សម្គាល់​ឈ្មោះ​យិន ហេង​ប្រើ​អា​ខោ​ន​ហ្វេ​សប៊ុ​ក​ឈ្មោះ​ចំប៉ី​ខ្មៅ​នេះ​ធ្លាប់​បង្ក​ការ​ក្ដៅក្រហាយ​តាម​បណ្ដាញ​សង្គម​ច្រើនដង​ហើយ តាំងពី​ករណី​ដែល​អង្គការ​យូ​នី​ស្កូ​ចុះបញ្ជី​ទទួលស្គាល់​ល្ខោនខោល របស់​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក និង​ជម្លោះ​កន្លែង​ចត​យានយន្ត​ជាដើម ដោយ​អាជ្ញាធរ​ខណ្ឌ​បាន​អោយ​ជន​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ក​បញ្ហា​ទៀត​។​

សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ ខ្ទើយ​រូបនោះ​ឈ្មោះ យិន ហេង រហស្សនាម ចំប៉ី​ខ្មៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវ​កម្លាំង​ជំនាញ​របស់​ក្រសួងមហាផ្ទៃ គឺ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ចាប់​វ៉ៃខ្នោះ​នៅ​យប់ ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ហាង​កាហ្វេ Amazon ម៉ាត់​ទន្លេ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្បែរ​ព្រះបរមរាជវាំង បន្ទាប់ពី​មានប្រតិកម្ម​ខ្លាំង​ពី​សំណាក់​មហាជន ក្នុងប្រទេស និង​ក្រៅប្រទេស ពាក់ព័ន្ធ​ការជេរប្រមាថ​លើ ជាតិ​សាសន៍​ខ្មែរ កាលពី​យប់​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បន្តទៀតថា យុវជន​ភេទ​ទី​៣ រូបនោះ​មាន​ស្រុកកំណើត​នៅ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ ​ត្រូវបាន​កម្លាំងចំរុះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​មាន​បណ្ដឹង​ពី​អ្នកវិភាគ​នយោបាយ និង​ឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម​គឺ​លោក ហ៊ាង គឹម​ស្រឿ​ន ដែល​បាន​ប្ដឹង​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ ទៅកាន់​តុលាការ​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​តែម្ដង​។​

អ្នកវិភាគ​នយោបាយ ហ៊ាង គឹម​ស្រឿ​ន បាន​គូស​បញ្ជាក់ប្រាប់​តុលាការ​ថា ការជេរប្រមាថ​របស់​គេ គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​ផងដែរ ព្រោះថា ព្រះអង្គ​ទ្រង់​ក៏​ជា​ពលរដ្ឋ​ខ្មែរ​មួយអង្គ ហើយ​ទ្រង់​បាន​គ្រងរាជ្យសម្បត្តិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរ​។ លោក​បានស្នើ​ឲ្យ​តុលាការក្រុង​ភ្នំពេញ ផ្តន្ទាទោស​យុវជន​ភេទ​ទី​៣​ខាងលើនេះ ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។​

មិនតែប៉ុណ្ណោះ​ក្រៅពី​បណ្ដឹង​ប្រឆាំងនឹង​យុវជន​ភេទ​ទី​៣ ចំប៉ី​ខ្មៅ នៅពេលនេះ មហាជន​ក៏មាន​ការខឹង​សម្បារ​ផងដែរ ហើយ​បានស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​យុវជន​រូបនេះ ចាត់ការ​តាមច្បាប់​ឲ្យ​សក្ដិសម​នឹង​ទង្វើ​ជេរប្រមាថ​របស់គេ​។​

ប៉ុន្តែ​ក្រោយមក យុវជន​រូបនេះ បានទទួល​ស្គាល់​កំហុស ហើយ​ក៏បាន​បង្ហោះ​វីដេអូ​ជាថ្មី ធ្វើការ​សុំទោស​ជា​សាធារណៈ ដោយ​បញ្ជាក់ថា ការជេរប្រមាថ​នាពេល​នោះ កើតឡើង​ដោយសារ​ខ្លួន​ទប់​កំហឹង​មិនបាន​ចំពោះ​បុគ្គល​៣​នាក់ ដែល​បាន​ជិះ​ម៉ូតូ​ទៅ​ខោក​ក្បាល​គេ​តែប៉ុណ្ណោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu