ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ជិតដល់ថ្ងៃឱសានវាទ ក្នុងករណីភ្នាល់គ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ហើយ ដែលនៅសល់ប្រមាណជាង២០ថ្ងៃទៀតប៉ុណ្ណោះ ពីព្រោះការកំណត់យ៉ាងយូរ ត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខ។
គេនៅចាំបានថា លោក សម រង្ស៊ី កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានប្រកាសតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួន ដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះដាក់ថា “បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន”។
ទាក់ទងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអះអាងបញ្ជាក់ប្រាប់បណ្តាញព័ត៌មានFN កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថា “ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែង តាមការបបួលភ្នាល់របស់ សម រង្ស៊ី ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួន ភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់”។ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី”។
ការរំលឹកឡើងវិញ នៃការភ្នាល់រវាងសម្តេចតេជោ និងទណ្ឌិត សម រង្ស៊ី នេះ បានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បាននិយាយនៅក្នុងពិធីជួបជុំអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុង Seattle សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ថា លោកនឹងទៅកាន់ប្រទេសកម្ពុជា ដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន និងផ្តួលរំលំរបបគ្រប់គ្រងបច្ចុប្បន្ន។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការខំស្រែកពីក្រៅប្រទេស មិនបានការអីទេ បើចង់ចាប់ ចង់ប្តូរ ហ៊ុន សែន ចេញ កុំនៅក្រៅប្រទេស កុំញុះញង់ពីក្រៅប្រទេស ចូលក្នុងប្រទេស ទើបមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា “ដោយអស់សង្ឃឹមពីការធ្លាក់ចុះទ្រុឌទ្រោមនៃការធ្វើនយោបាយរបស់ខ្លួន ពួកក្បត់ជាតិកំពុងតែក្រអឺតក្រទមខ្លាំងណាស់ ខ្លាំងនៅក្រៅស្រុក ញុះញង់ឲ្យប្រជាជនកម្ពុជានៅក្នុងស្រុកបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នៅកម្ពុជា ប៉ុន្តែការញុះញង់នោះរបស់ពួកក្បត់ជាតិ មិនទទួលបានការគាំទ្រពីប្រជាជនកម្ពុជាសោះឡើយ។ ដូច្នេះការញុះញង់ពីក្រៅប្រទេសអត់បានការអ្វីឡើយ។ ចង់ឲ្យមានប្រសិទ្ធភាព លុះត្រាតែនាំគ្នាចូលមកក្នុងស្រុកមក នៅត្រាំត្រែងដល់ណាទៀត។ សូមអញ្ជើញមកប្តូររបប និងប្តូរហ៊ុន សែន មក ។ បើនៅតែស្រែកពីឡង់ប៊ីច ពីឡូវែល ពីវ៉ាស៊ិងតោនស្តេត ។ល។ អត់បានការអីទេ៕
Source: Kampuchea Thmey Daily
0 Comments