សៀមរាប ៖ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានត្អូញត្អែរថា ស្រូវប្រាំងរបស់ពួកគាត់ បានស្វិតក្រៀមស្វិត និងងាប់ជាបណ្តើរៗ ដោយសារតែខ្វះទឹកស្រោចស្រព ខណៈដែលស្រូវទាំងនោះមានអាយុកាលជិតដល់ប្រមូលផល។
លោក ភូង សាវ័ន្ដ មេភូមិស្រង៉ែ សង្កាត់ស្រង៉ែ បានដឹងនៅថ្ងៃនេះថា ជារៀងរាល់ឆ្នាំស្រូវប្រាំងទាំងនេះ បានស្រោចស្រពទឹកមកពីបារាយណ៍ទឹកថ្លា ប៉ុន្តែនៅឆ្នាំនេះ ទឹកបារាយណ៍មានការខ្វះខាតទើបធ្វើឲ្យស្រូវប្រាំងប្រជាពលរដ្ឋនៅភូមិនេះប្រមាណ៤០គ្រួសារប្រឈមនឹងខូចខាត។
លោកបានប៉ាន់ប្រមាណថា ស្រូវប្រាំងចំនួន២០ហិកតា បានក្រៀមស្វិត ងាប់បណ្តើរៗ និង២០ហិកតា កំពុងប្រឈមនឹងបញ្ហាដូចគ្នាដែរ។
លោកថា មិនត្រឹមតែស្រូវរបស់កសិករក្នុងភូមិរបស់លោកទេ ដែលកំពុងរងគ្រោះអត់ទឹកស្រោចស្រពនេះ ស្រូវស្រែប្រាំងជាច្រើនហិកតារបស់អ្នកភូមិជាប់គ្នាផ្សេងទៀត ក៏កំពុងប្រឈមនឹងខូចខាតដែរ បើគ្មានទឹកជួយសង្គ្រោះទាន់ពេលវេលានោះទេ ខណៈដែលស្រូវជិតទទួលបានផល។
លោកមេភូមិស្រង៉ែបានបន្ដថា ប្រជាពលរដ្ឋមានការព្រួយបារម្ភពីខ្វះខាតស្បៀងនៅឆ្នាំក្រោយ បើសិនស្រូវប្រាំងទាំងនោះ មិនអាចទទួលផលដូចការគ្រោងទុកនោះទេ។
លោកបានបន្ដថា ស្រូវប្រាំងទាំងនោះ បានក្រៀមស្វិតរយៈពេលជាច្រើនថ្ងៃមកហើយ ហើយអាជ្ញាធរបានជួយស្វះស្វែងដែរ ប៉ុន្តែគ្មានប្រភពទឹកស្រោចស្រព ព្រោះទឹកបារាយណ៍ដែលធ្លាប់បង្ហូរចូលស្រែប្រាំងនៅតំបន់នោះកំពុងខ្វះខាត។
លោក ញូ ថុង ចៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១មករា កន្លងមកអាជ្ញាធរបានជួយសង្គ្រោះស្រូវប្រាំងប្រជាងពលរដ្ឋនៅតំបន់នោះបានជាង១០០ហិកតា ហើយ ចំណែកចំនួនដែលនៅសេសសល់ អាជ្ញាធរកំពុងជួយសង្គ្រោះបន្តបន្ទាប់។
លោកបានបន្ដថា ប៉ុន្តែស្រូវដែលពលរដ្ឋទើបចាប់ដើមសាបព្រួសនៅលើដីថ្មី មិនអាចជួយសង្គ្រោះបាននោះទេ ដោយសារវានៅឆ្ងាយពីប្រភពទឹក ខណៈដែលគ្មានប្រព័ន្ធធារាសាស្ត្រសម្រាប់បម្រើឲ្យស្រូវប្រាំងនៅវាលក្រោម នៃបឹងទន្លេសាប។ ប៉ុន្តែយ៉ាងនេះក្ដីប្រជាពលរដ្ឋបានរៀបរាប់ថា ស្រូវប្រាំងនៅឆ្នាំនេះ បានខូចខាតទៅហើយ ដោយមិនសង្ឃឹមកែវិញបានឡើយ។ ដូច្នេះពួកគាត់ ស្នើសុំដល់រាជរដ្ឋាភិបាល ជួយធ្វើប្រឡាយទឹកចូលតំបន់ស្រូវប្រាំងរបស់ពួកគាត់ ដើម្បីងាយស្រួលការប្រើប្រាស់ទឹកនារដូវប្រាំងនៅឆ្នាំក្រោយៗទៀត៕
Source: Kampuchea Thmey Daily
0 Comments