បន្ទាយមានជ័យ ៖ មានក្មេងៗ៤នាក់ ចេញពីរៀនគួរ បាននាំគ្នាទៅងូតទឹកអាងលេង ស្រាប់តែអកុសលមានក្មេងស្រី២នាក់ បានលង់ទឹកស្លាប់នៅវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នៅ ចំណុចអាងទឹក ចម្ងាយ២០០ម៉ែត្រពីផ្ទះ ស្ថិតក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋានបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់ ១មាន ឈ្មោះ សម្បត្តិ ស្រីណុង ភេទស្រី អាយុ៨ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ថន គឹមហួន ភេទស្រី អាយុ៦ឆ្នាំ ក្មេងស្រីទាំង២នាក់ មានទីលំនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុនោះ មានក្មេង៤នាក់ បានចេញពីរៀនគួរ ហើយបាននាំគ្នាទៅងូតទឹកអាងលេង ស្រាប់តែមានក្មេង២នាក់ បានហែលទៅទឹកជ្រៅ ស្រាប់តែលង់តែម្តង. ស្របពេលនោះ ក្មេង២នាក់មិនបានលង់ មិនហ៊ានជួយក៏បានរត់មករាយការណ៍ប្រាប់អ្នកភូមិ និងក្រុមគ្រួសារឲ្យចុះមកជួយស្រង់ តែអកុសលក្មេងទាំង២នាក់នោះ បានស្លាប់បាត់បង់ជីវិតបាត់អស់ហើយ. ប្រជាពលរដ្ឋ និងក្រុមគ្រួសារបានដឹកសពយកមកផ្ទះ ស្របពេលនោះ មានសមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសពទាំង២ ដែលមានកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ កម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរភូមិ ឃុំ ហើយបានធ្វើការសន្និដ្ឋានថា សពក្មេងស្រីទាំង២នាក់ ពិតជាស្លាប់ដោយលង់ទឹកព្រោះសំអាងថា គ្មានស្លាកស្នាមពាក់ព័ន្ធនឹងបទល្មើសនោះឡើយ។
សពកុមារីទាំង២នាក់ ក្រោយពីធ្វើកោសល្យវិច័យរួច បានប្រគល់ជូនឪពុកម្តាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈចុងសប្ដាហ៍នេះ មានក្មេងស្រីចំនួន៦នាក់ មកហើយដែលស្លាប់ដោយសារលង់ទឹក ក្នុងនោះ៤នាក់ នៅឃុំភ្នំដី ស្រុកភ្នំស្រុកកន្លងទៅថ្មីៗនេះ៕
Source: Kampuchea Thmey Daily
0 Comments