Ad Code

ក្រុមបាល់ទាត់​នារី​ម៉ៃ​ធី​ហ្គើ​ល​នៅ​ខេត្តបាត់ដំបង ទទួល​បានការ​បង្វឹក​ពី​អ្នក​ជំនាញ​មកពី​ប្រទេស​ជប៉ុន​រយៈពេល​ខ្លី​



ក្រុមបាល់ទាត់​នារី​ម៉ៃ​ធី​ហ្គើ​ល (Mighty Girls)​ដែល​បង្កើតឡើង​ដោយ​អង្គការ​ស​លត៍ (SALT Academy) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តបាត់ដំបង បានទទួល​ការបណ្តោះបណ្តាល​រយៈពេល​ខ្លី​ពី​អ្នកជំនាញ​មកពី​ប្រទេស​ជប៉ុន តាមរយៈ​ការ​សហការ​រវាង​គ្នា​នឹង​គ្នា នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ​ ខណៈ​ដែល​ក្រុម​មួយ​នេះ​ បណ្តុះបណ្តាល​បាន​កីឡាការិនី​ជាច្រើន​នៅក្នុង​ក្រុម​ជម្រើស​ជាតិ​បាទី​នារី​នាពេល​បច្ចុប្បន្ន​។



យោងតាម​ការប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អង្ក​ការ​បាល់ទាត់​នារី​មួយ​នេះ​ បានបញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​ថា ​៖«​រយៈពេល ២​ថ្ងៃ​ពេញ ក្រុម​នារី ម៉ៃ​ធី​ហ្គើ​ល ពិត​ជាមាន​កិត្តិយស ដែល​បានទទួល​បានការ​អញ្ជើញ ក្នុងការ​ចូលរួម ហ្វឹកហាត់​បាល់ទាត់ អំពី​បច្ចេកទេស និង យល់ដឹង​បន្ថែម ក្នុង​គោលបំណង បង្កើន​សមត្ថភាព ទៅលើ​ផ្នែក​បាល់ទាត់ ជាមួយនឹង​លោកគ្រូ​បង្វឹក​អាជីព ក្នុង​ក្រុម Ventforet Kofu ពី​ប្រទេស​ជប៉ុន​»​។

ប្រភព​បាន​បន្ថែម​ក្រោយពី​ទទួលបាន​បណ្តុះបណ្តាល​ជាមួយ​អ្នកជំនាញ​មកពី​ក្រៅប្រទេស​ថា​ ៖«​ពួកយើង​សូម​ថ្លែងអំណរគុណ ដល់​ក្លឹប Ventforet Kofu ដែល​បាន​រួម​សហការ ជាមួយ សាលា​បាល់ទាត់ HANDA ក្នុង​ការ​បង្កើត​ឱកាស ក៏​ដូច​ទៅ​នឹង​សកម្មភាព​ដែល​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយគ្នា​នឹង​ក្រុម ម៉ៃ​ធី​ហ្គើ​ល​»​។​



​សូម​បញ្ជាក់ថា ​ក្លិប​បាល់ទាត់​Ventforet Kofu ជា​សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​នៅ​ប្រទេស​ជប៉ុន (J2-League) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​Kofu ខណៈ​កាលពី​រដូវ​កាល​ចាស់​បាន​បញ្ចប់​សកម្មភាព​របស់​ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៩ ក្នុងចំណោម​សមាជិក​ចំនួន​២២​ក្រុម បន្ទាប់ពី​ប្រកួត​បាន​៤២​លើក ហើយ​ឈ្នះ​បាន​១៦​លើក ស្មើគ្នា​បាន​១១​លើក​និង​ចាញ់​១៥​លើក​។ ចំណែក​ក្រុមបាល់ទាត់​នារី​ម៉ៃ​ធី​ហ្គើ​ល នៅតែ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុងការ​បណ្តុះបណ្តាល​កីឡាការិនី​ក្នុងស្រុក ខណៈ​មាន​សមាជិក​ចាស់​ជាច្រើន​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​បាល់ទាត់​នារី​ក្នុងប្រទេស​កម្ពុជា​៕

​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu