ភ្នំពេញ ៖ តារាសម្តែងភេទទី៣ ដែលបានធ្វើការដោះដូរប្រអប់លេខមកជាស្រីពេញលក្ខណៈកញ្ញា ប៉ុបពី មុននេះបន្តិច បានធ្វើការបង្ហោះរូបភាពភ្ជាប់ជាមួយអត្ថន័យហាក់មានចេតនាបំផុសដល់មហាជនរួមទាំងបុគ្គលដែលកើតមកមានលក្ខណៈជាមនុស្សភេទជាបីមួយចំនួន។ ខណៈដែលតារារូបនេះបានអះអាងថា ថ្វីត្បិតខ្លួនជាខ្ទើយមែន តែជាខ្ទើយដែល មានកិត្តិយស មានភាពថ្លៃថ្នូរ។
ការបង្ហោះរបស់តារាសម្តែងភេទទី៣មានរូបសម្រស់ស្រស់សោភាកញ្ញា ប៉ុបពី នាពេលនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនយល់ឃើញថា អត្ថន័យនេះ កំពុងតែមានចេតនាបង្កប់ការដាស់តឿន និងបង្ហាញឲ្យទស្សនិកជនព្រមទាំងបុគ្គល(ខ្ទើយ)មួយចំនួនចេះ ថែរក្សានូវតម្លៃ និងភាពថ្លៃថ្នូររបស់ខ្លួន ដើម្បីជៀសឲ្យបំផុតពីការមើលងាយ ឬភាពរើសអើងពីសង្គមបច្ចុប្បន្ន។
តាមរយៈសាររបស់តារាស្រីកញ្ញា ប៉ុបពី បានធ្វើការរៀបរាប់បែបនេះថា នាងខ្ញុំ តស៊ូ និងសូមរស់ដោយភាពថ្លៃថ្នូរ ព្រោះនាងខ្ញុំប្រឹងប្រែងណាស់ទម្រាំ មានថ្ងៃនេះ ព្រោះម្តាយឪពុកនាងខ្ញុំ ប្រដៅថា កូនមិនត្រូវតូចចិត្តទេដែលកើតមកជា (ខ្ទើយ)តែជាខ្ទើយដែល មានកិត្តិយស មានភាពថ្លៃថ្នូរ មានសមត្ថភាពធ្វើការដោយសុចរិត និងមិនធ្វើអោយសង្គមគេពិបាកដោយសារតែយើង …..។
តារាសម្តែងកញ្ញា ប៉ុបពី បានបញ្ជាក់បន្ថែមដល់សាធារណជនទៀតថា ឥរិយាបថ សម្តី និងមារយាទ ចូរកូនរក្សា អោយបានខ្ជាប់ខ្ជួន ព្រោះជាហេតុនាំអោយគេ ស្គាល់ដល់សណ្តាន និងវង្សត្រកូលយើង។ ទន្ទឹមគ្នានៃការបង្ហោះដោយលើកយកដំបូន្មានរបស់ឪពុក-ម្តាយមកអនុវត្តតាមពីសំណាក់កញ្ញា ប៉ុបពី ខាងលើនេះ បានធ្វើឲ្យមហាជនមួយចំនួនធំលើកសរសើរ និងផ្ញើសារលើទឹកចិត្តស្ទើរគ្រប់គ្នាចំពោះពាក្យដាស់តឿនដ៏ល្អប៉ុន្មានឃ្លានេះ។
សូមបញ្ជាក់ថា តារាសម្តែងភេទទី៣កញ្ញា ប៉ុបពី បន្ទាប់ពីដាក់ខ្លួនចូលប្រឡូកក្នុងវិស័យសិល្បៈមានរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានគេកត់សម្គាល់ថាទាំងកេរ្តិ៍ឈ្មោះនិងប្រជាប្រិយភាពគឺតារាស្រីរូបនេះហាក់មានសន្ទុះហក់ឡើងខ្លាំងបើប្រៀបធៀបនឹងតារាប្រុស-ស្រីរួមជំនាន់ព្រោះថា ប៉ុបពី ជាតារាភេទទី៣ដែលមានរូបរាងស្រស់ស្អាតនិងថែមទាំងមានទេពកោសល្យសិល្បៈពីកំណើតទៀតផង៕
Source: Kampuchea Thmey Daily
0 Comments