កណ្ដាល ៖ បុរសកម្មករឡូត៍នេសាទចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទពាក់ព័ន្ធមនុស្សឃាត ដែលបានវាយតប់មកលើកម្មករនេសាទម្នាក់ស្លាប់ ដោយសារតែទំនាស់ពាក្យសំដីគ្នារឿងមកលុយពីថៅកែរបស់ជនរងគ្រោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពី រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅលើទូកនៃផ្ទៃទន្លេសាបចំណុចគន្លងដាយឡូត៍នេសាទលេខ11C ស្ថិតក្នុងភូមិព្រែកក្តី ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានមានប្រសាសន៍ថា៖ ជនដែលត្រូវបានឃាត់ខ្លួនទាំង៤នាក់ខាងលើ ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធក្នុងការព្រួតទៅវាយសម្លាប់ជនរងគ្រោះម្នាក់ បណ្តាលអោយស្លាប់ មានឈ្មោះ ជឿន ម៉ក់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករគន្លងដាយឡូត៍នេសាទលេខ11C មានទីលំនៅភូមិផាត់សណ្តាយ ឃុំកំពង់ចំលង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ១.ឈ្មោះ ឡេង ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡូត៍នេសាទ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះ ឡេង សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ៣.ឈ្មោះ សាត សុទ្ធារៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ៤.ឈ្មោះ អេង ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីប៉ូលិសមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រហែល១រសៀលថ្ងៃកើតហេតុខាងលើ ក្រុមជនសង្ស័យទាំង៤នាក់ខាងលើបាន នាំគ្នាជិះទូកទៅទារលុយថ្លៃឈ្នួលពីម្ចាស់គន្លងដាយលេខ11C ដែលបានជំពាក់ចំនួន១០ម៉ឺនរៀល។ នៅពេលទៅដល់ ឈ្មោះ ឡេង ម៉ៅ បានសួររក ម្ចាស់គន្លង ដាយ ប៉ុន្តែបានជួបជនរងគ្រោះប្រាប់ថា៖ ម្ចាស់គន្លងដាយគាត់មិននៅទេ ខណៈនោះឈ្មោះ ឡេង ម៉ៅ ក៏បានទាស់ពាក្យសំដីឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះ ជឿន ម៉ក់ ជាកម្មករដាយ។ ឆ្លៀតពេលនោះឈ្មោះឡេង ម៉ៅ បានទាញដាវពីក្នុងទូកមកកាន់បម្រុងកាប់លើជនរងគ្រោះ ប៉ុន្តែត្រូវបានឈ្មោះ សេន សាឡេះភ័ណ្ឌ ចាប់ឃាត់ភ្លាមនោះដែរឈ្មោះ ឡេង សាភ័ណ្ឌ បានយកដំបងឈើមូលគប់ទៅលើជនរងគ្រោះឈ្មោះជឿន ម៉ក់ ចំត្រង់គុម្ពត្រចៀកខាងឆ្វេង បណ្តាលឲ្យដួលប្រកាច់បែកពពុះមាត់ ហើយត្រូវបានអ្នកជិតខាងបញ្ជូនមកពេទ្យគ្លីនិកឯកជន ភូមិព្រែកក្តី ពេលមកដល់គ្លីនិក ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយមកប៉ូលិសបានដឹងព័ត៌មាននេះ កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យឃុំចុះពិនិត្យសពឃើញថា ៖ សាកសពមានស្លាកស្នាមរបួសដាច់រលាត់ជាំ១កន្លែងប្រវែង២សង្ទីម៉ែត្រត្រង់ចំណុចគុម្ពត្រចៀកខាងឆ្វេង ដែលបង្កអោយជនរងគ្រោះស្លាប់ដោយសារជនសង្ស័យគប់នឹងដំបងឈើមូល ដែលបន្សល់ទុកនៅកន្លែងកើតហេតុ មានប្រវែង៦តឹក៕
Source: Kampuchea Thmey Daily
0 Comments