កំពង់ឆ្នាំង ៖ បន្ទាប់ពីបានអំពាវនាវស្នើសុំដល់សប្បុរសជន និងមន្ទីរពាក់ព័ន្ធជួយអន្តរាគមន៍ និងជួយឧបត្ថម្ភប្រេង ដើម្បីបូមទឹកសង្គ្រោះស្រូវ ឲ្យទាន់ពេលវេលា នៅក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌រួចមក នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅពិនិត្យទីតាំងស្រូវប្រាំងខ្វះទឹក ជាមួយ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន នៅចំណុចឃុំខុនរ៉ង ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ និងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដែលកំពុងតែសង្គ្រោះ។
នៅក្នុងពេលចុះពិនិត្យស្រែប្រាំងខាងលើនេះ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា យោងតាមសេចក្ដីអំពាវនាវរបស់អាជ្ញាធរមូលដ្ឋាន ថ្ងៃនេះជំនួសមុខឲ្យ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមសន្យា នឹងផ្ដល់ប្រេង និងម៉ាស៊ីនបូមទឹក ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌នេះឲ្យទាន់ពេលវេលា និងបន្តជួយរហូតដល់ប្រមូលផលរួចរាល់។
ឯកឧត្ដមបានបញ្ជាក់ថា បើប្រជាកសិករមានការខ្វះខាត ប្រេង និងម៉ាស៊ីនបូមទឹក សូមទំនាក់ទំនងមន្ទីរធនធានទឹក ដើម្បីបូមទឹកសង្គ្រោះស្រូវ ឲ្យទាន់ពេលវេលា ដោយមិនត្រូវទុកឲ្យស្រូវរបស់ប្រជាពលរដ្ឋ ងាប់ឡើយ ប៉ុន្តែត្រូវមានប្រភពទឹកច្បាស់លាស់ដែរ ទើបអាចជួយបាន។
ដោយឡែក ទឹកទន្លេឆ្នាំនេះ បានឡើងខ្ពស់ ប៉ុន្តែនៅពេលស្រកទៅវិញ គឺលឿនហួសកម្រិត និងគិតមកក្នុងរយៈពេលដូចគ្នាដល់ថ្ងៃនេះទាបជាងឆ្នាំចាស់ ជាងមួយម៉ែត្រឯណោះ ទើបធ្វើឲ្យទឹកជួបនឹងបញ្ហា។
លោក ដោក ប៊ុនថុន ក៏បានបញ្ជាក់ឲ្យដឹងដែរថា ស្រូវប្រាំង ដែលកំពុងតែសង្គ្រោះនៅក្នុងស្រុកបរិបូណ៌ មានឃុំមេលំចំនួន១០៧ហិកតា និងនៅក្នុងឃុំខុនរ៉ងចំនួន២១០ហិកតា ចំណែកនៅក្នុងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច មានចំនួន២៨៨ហិកតា។ តាមផែនការប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងធ្វើស្រូវប្រាំងចំនួន២៩.៥០០ហិកតា ប៉ុន្តែប្រជាពលរដ្ឋ បានធ្វើលើសផែនការរហូតទៅដល់ជាង៣ម៉ឺន ៤ពាន់ហិកតា ឯណោះ ហេតុនេះហើយកង្វះខាតទឹក គឺចៀសមិនរួចឡើយ។ ម្យ៉ាងទៀត ដោយសារតែប្រជាពលរដ្ឋបានកាប់រានដីស្រែថ្មី ធ្វើឲ្យផ្ទៃដីស្រែប្រាំងចេះតែរីកច្រើនឡើងៗ ប៉ុន្តែការកាប់រានដីថ្មីនេះ គឺគ្មានប្រភពទឹកច្បាស់លាស់ទេ។
ទោះបីយ៉ាងនេះក្តី កន្លងមក មន្ទីរធនធានទឹក នឹងឧបត្ថម្ភប្រេងដល់សហគមន៍ និងម៉ាស៊ីនបូមទឹកសម្រាប់ បូមដាក់ប្រឡាយមេសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់។ ដូច្នេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានការខ្វះខាតទឹក សូមទាក់ទងទៅអាជ្ញាធរភូមិ/ឃុំ ដើម្បីទំនាក់ទំនងរាយការណ៍មកមន្ទីរធនធានទឹក ដើម្បីជួយសង្គ្រោះស្រែខ្វះទឹកឲ្យបានទាន់ពេលវេលា។
នៅក្នុងការចុះពិនិត្យស្រែប្រាំងខ្វះ តទឹកនេះដែរ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ បានថ្លែងអំណរគុណដល់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក ដែលបានឧបត្ថម្ភប្រេង និងម៉ាស៊ីនជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋទូទាំងស្រុកបរិបូណ៌ បានទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments