ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីឃើញបុរសម្នាក់ បានបែកក្បាលហូរឈាមជោកខ្លួន ដោយសារតែត្រូវជនបរទេសប្រុស រុញឲ្យដួលទៅបោកក្បាលនឹងថូផ្កា ក្បែរនោះ ព្រោះតែខឹងនឹងបុរសរងគ្រោះ បាននិយាយលែបខាយប្រុងអូសក្រឡា(ញ៉ែ) លើស្ត្រីបរទេសដែលមានរូបឆោមស្រស់ស្អាតម្នាក់ ក្នុងចំណោមគ្នីគ្នា៤នាក់ ពេលចេញពីក្លិប។
អ្នកឃើញហេតុការណ៍នោះបានឲ្យដឹងថា រឿងហេតុនោះ ផ្តើមចេញពីបុរសរងគ្រោះ ខណៈគាត់ស្រវឹងស្រាស្រឿងៗ ដើរចេញពីក្លឹប ហើយមកជួបបរទេសប្រុស/ស្រី៤នាក់ កំពុងនិយាយសាសងគ្នាគ្រាន់តែឃើញនារីបរទេសនោះស្អាត ជាមួយនឹងការស្លៀកពាក់ ស៊ិចស៊ី ខើចលើ ខើចក្រោម, បុរសរូបនោះ ក៏និយាយភាសាអង់គ្លេស សាសងលែបខាយសម្ដី លក្ខណៈចង់ អូសក្រឡាញ៉ែរូបនាងត្រង់ៗហ្មង តែមិនដឹងថា បុរសបរទេសម្នាក់ក្នុងចំណោមនោះ កំពុងញ៉ែនារីបរទេសនោះដែរ ទើបបុរសបរទេសនោះបានរុញឲ្យចេញទៅ តែបែរជាជ្រុលធ្វើឲ្យរអិលជើងដួលបោកក្បាលនឹងថូផ្កា ហើយបរទេសក៏នាំគ្នាដើរទៅបាត់ ពេលនោះក៏បុរសរងគ្រោះងើបឡើងមកស្រែកឆោឡោថា ចោរៗ ដាក់នារីបរទេសរូបស្រស់ និងបងប្អូនប្រុសរបស់នាងម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើររាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន(ជិតផ្សារសូរិយ៉ាម៉ល) ផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលរបួសបែកក្បាលនោះ ឈ្មោះ វណ្ណៈ អាយុប្រហែល ជាង៤០ឆ្នាំ មុខរបរអ្នកលក់ដូរ ដីឡូត៍របស់ក្រុមហ៊ុនឯកជនមួយ ស្នាក់នៅអូតែលរបស់មិត្តភ័ក្ដិ ជាអ្នកធ្វើការផ្នែកលក់ដីឡូត៍ជាមួយគ្នា មានស្រុកកំណើត នៅខេត្តស្ទឹងត្រែង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញមានបុរសបរទេស៣នាក់ និងនារីបរទេសម្នាក់ទៀត ស៊ិចស៊ី រូបស្រស់ បានឈរជជែកគ្នាលើចិញ្ចើមផ្លូវកែងផ្លូវកន្លែងកើតហេតុ មួយសន្ទុះក្រោយមក ក៏ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រឿងៗ បានធ្វើដំណើរដោយថ្មើរជើងមកដល់ ហើយបានជួបជនបរទេសប្រុស/ស្រីទាំង៤នាក់នោះ ដោយឃើញនារីបរទេសនោះ មានរូបសម្រស់ស្អាត ហើយស៊ិចស៊ីទៀតនោះ បុរសម្នាក់ខ្មែរនោះ ក៏បាននិយាយជាភាសាអង់គ្លេសជាមួយនឹងនារីបរទេសរូបស្រស់នោះក្នុងលក្ខណៈសាសង(ញ៉ែ)រូបនាងតែម្ដង។
ប្រភពបន្តថា បន្តិចក្រោយមក ឃើញបុរសបរទេសម្នាក់ទៀត ដែលឈរជជែកគ្នាជាមួយនារីបរទេសខាងលើដែរនោះ និយាយជាមួយបុរសខ្មែរនោះដែរ តែមិនដឹងថា មានរឿងអ្វី និងនិយាយពីអ្វីខ្លះទេ ស្រាប់តែស្រែកដាក់គ្នាទៅវិញទៅមក រួចក៏ច្រានបុរសខ្មែរនោះឲ្យដើរចេញទៅ តែដោយសារតែស្រវឹងស្រាស្រឿងៗផង បុរសខ្មែរនោះ ក៏រអិលជើងដួលទៅបោកក្បាលនឹងថូផ្កា បណ្តាលឲ្យបែកក្បាលហូរឈាមជោកអាវតែម្ដង។ ចំណែកបុរសបរទេសនោះ ក៏នាំបុរសបរទេសម្នាក់ទៀតដើរចេញទៅពីកន្លែងកើតហេតុបាត់ទៅ។
ប្រភពព័ត៌មានបន្តទៀតថា ភ្លាមៗនោះ បុរសខ្មែររងគ្រោះក៏បានស្រែកឆោឡោថាចោរៗ ហើយស្រែកចោទប្រកាន់រូបនាង និងបងប្អូនប្រុសរបស់នាងថាជាមិត្តភ័ក្ដិនឹងបុរសបរទេស ដែលរុញរូបគាត់ឲ្យដួល ហើយគេចទៅបាត់នោះ ទើបគាត់កើតទុក្ខមិនសុខចិត្តប្រកែកគ្នាជាមួយពួកគេទាំង២នាក់ រហូតមានប្រជាពលរដ្ឋ និងអ្នកដំណើរចុះមកជួយឃាត់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ ចុះមកកន្លែងកើតហេតុតែម្ដង។
ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពេលសមត្ថកិច្ចចុះមកដល់ បុរសអ្នករត់ TAXI ម្នាក់ បើកឆ្លងកាត់ទីនោះ ក៏ឈប់អែបរថយន្តចូលខាង រួចចុះមកនិយាយភាសាអង់គ្លេសសួរនាំជនបទេសប្រុសស្រីទាំង២នាក់នោះ រួចបកប្រែប្រាប់សមត្ថកិច្ច និងអ្នកយកសារព័ត៌មានថា មុនពេលកើតហេតុពួកគាត់ទាំង២នាក់ជាបងប្អូននឹងគ្នា បានចូលទៅរាំកម្សាន្តក្នុងក្លឹបមួយកន្លែង ជិតកន្លែងកើតហេតុនេះដែរ ហើយបានជួបគ្នាជាមួយបុរសបរទេស២នាក់ទៀត នៅក្នុងក្លឹបនោះប៉ុណ្ណោះ ហើយក្នុងចំណោមបុរសបរទេស២នាក់នោះ មានម្នាក់បានមកញ៉ែនារីបរទេសរូបស្រស់ និងស៊ិចស៊ីនេះ រហូតចេញមកជជែកគ្នានៅចំណុចកើតហេតុខាងលើនោះបានមួយសន្ទុះ ក៏ស្រាប់តែមានបុរសខ្មែរខាងលើនោះមិនដឹងដើរមកពីណាទេ ដោយស្ថិតក្នុងស្ថានភាពស្រវឹងបន្តិចផង តែចេះនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ លុះពេលដើរមកដល់ ក៏ងាកមើលរូបនាង ហើយមើលលើមើលក្រោម រួចក៏និយាយជាមួយនាង ហើយនាងក៏ឆ្លើយតបវិញរហូតបុរសនោះសួរនាំឆ្លងឆ្លើយចុះឡើងៗ លក្ខណៈញ៉ែរូបនាងដែរ ដោយមិនបានដឹងថា បុរសបរទេស២នាក់មកញ៉ែនាងដែរ ដូចគ្នាទេ។
អ្នកបើកបរ TAXI បានបកប្រែបន្តទៀតថា ដោយនិយាយញ៉ែរូបនាងមិនបានប៉ុន្មានផង បុរសបរទេសដែលមកញ៉ែនាងដែរនោះ ក៏បានសួរនាំបុរសខ្មែរនោះថា មកពីណា បានជាមកលែបខាយរូបនាងដូច្នេះ? ហើយបុរសខ្មែរនោះក៏បានឆ្លើយតបវិញថា ខ្ញុំទើបចេញពីក្លឹប ហើយគ្រាន់តែនិយាយលែបខាយបន្តិចមិនបានទេឬ? ទើបបុរសបរទេសនោះច្រានបុរសខ្មែរនោះឲ្យដើរចេញទៅ តែបែរជាធ្វើ ឲ្យបុរសម្នាក់នោះ រអិលជើងដួលបោកក្បាលនឹងថូផ្កា ទើបធ្វើឲ្យបែកក្បាលហូរឈាមប្រឡាក់អាវតែម្ដង ហើយបុរសបរទេសដែលរុញបុរសខ្មែរឲ្យដួលបែកក្បាលនោះ ក៏នាំបុរសបរទេសដែលជាមិត្តភ័ក្ដិម្នាក់ទៀត ដើរចេញពីកន្លែងកើតហេតុបាត់តែម្តង។
បន្ទាប់ពីដឹងមូលហេតុច្បាស់លាស់ហើយ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុរសបរទេសប្រុសស្រីទាំង២នាក់បងប្អូននោះ ត្រឡប់ទៅកន្លែងស្នាក់នៅវិញ រួចឲ្យបុរសរងគ្រោះទៅរកសាក្សីនៅកន្លែងកើតហេតុ ដើម្បីបំភ្លឺ តែបុរសនោះនៅមិនសុខចិត្ត ទើបសមត្ថកិច្ចដឹកនាំទៅប៉ុស្តិ៍ធ្វើការសាកសួរតែម្ដងទៅ៕
Source: Kampuchea Thmey Daily
0 Comments