Ad Code

ទុស្សេ​ខ្សែភ្លើង​ ឆេះ​ឃ្លាំង​ស្ដុក​ក្រណាត់​ក្នុង​រោងចក្រ ​ពេល​ឡានទឹក​មក​ជួយ​ ចិន​ចាក់សោ​ទ្វារ​ក្រឹប​



ភ្នំពេញ ​៖ ដោយសារ​ទុស្សេ​ខ្សែភ្លើង​ បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​ក្នុង​រោងចក្រ​ផលិត​ស្បែក​ជើងម៉ា​រូ​ឈុន អស់​ចំនួន​៥​បន្ទប់ ​រង​ការ​ខូចខាត​ទាំងស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ​និង​ពលរដ្ឋ​ ចុះមក​ជួយ​ តែ​ជនជាតិ​ម្នាក់​ គ្រាន់តែ​ឃើញ​ឡានទឹក​ទៅដល់ ​បាន​ចាក់សោ​ទ្វារ​របង​រោងចក្រ​ក្រឹប​ ដោយ​មិន​ខ្វល់​ពី​ការ​ឆេះ​ខូចខាត​អ្វី​ឡើយ ​ ​ទោះជា​យ៉ាងណា ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ បាន​ធ្វើ​អន្តរាគមន៍​ឲ្យ​រថយន្ត​ចូល​បាញ់​ទឹក​ពន្លត់​ទាល់​តែ​បាន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ព្រឹក ​ថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​រោងចក្រ​ផលិត​ស្បែក​ម៉ា​រូ​ឈុន តាម​បណ្តោយ​ផ្លូវ​បេតុង ​ខាងត្បូង​ផ្សារ​ទួល​ពង្រ​ ប្រមាណ​ជា​៥០​ម៉ែត្រ​ ក្នុង​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ក្នុង​ហេតុការណ៍​នេះ​ ពុំ​បណ្ដាល​ឲ្យ​មនុ​ស្ស​ណា​ម្នាក់​រង​របួស​ ឬ​គ្រោះថ្នាក់​អ្វី​នោះ​ទេ ​ពោល​គឺ​គ្រាន់តែ​ឆេះ​ខូចខាត​កម្ទេច​ក្រណាត់​ក្នុង​ឃ្លាំង​តែប៉ុណ្ណោះ។​

តាម​ប្រភពពី​សន្តិសុខ​យាម​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​ គាត់​ឃើញ​ទុស្សេ​ខ្សែ​ភ្លើង​ចេញពី​ចំណុចឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​ ហើយ​ចេញ​ជា​អណ្តាតភ្លើង ​ភ្លាមនោះ​រូបគាត់​ក៏បាន​នាំ​គ្នា​ស្រែក ហើយ​ជនជាតិ​ចិន​ដែល​ស្នាក់​នៅក្នុង​រោងចក្រ​ឲ្យ​ភ្ញាក់ឡើង​ រួច​ក៏​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​អស់​៣​បំពង់​ និង ទាញ​ទុយយោ​បាញ់​ទឹក ​ប៉ុន្តែ​ដោយសារ​ភ្លើង​នៅតែ​ឆេះ​ខ្លាំង​ពេក​ក៏បាន​រាយការណ៍​ទៅ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ​ ចុះមក​ជួយ​អន្តរាគមន៍​ចំនួន​៩​គ្រឿង តែ​អ្វី​គួរ​ឲ្យ​ហួស​ចិត្ត​នោះ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​ដល់ ​ស្រាប់តែ​ជនជាតិ​ចិន​បញ្ជា​ឲ្យ​សន្តិសុខ​ចាក់សោ​ទ្វារ​មិន​ឲ្យ​រថយន្ត​ចូល​ជួយសង្គ្រោះ​ឡើយ។ បន្ទាប់មក​ ដោយមាន​កា​រ​បញ្ជា​ផ្ទា​ល់ពី​លោក​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ទើប​កម្លាំង​សមត្ថកិច្ច សម្រេចចិត្ត​កាត់​សោ​ទ្វារ​ចូលទៅ​ដល់​ក្នុង​រោងចក្រ​ រួច​បាន​បាញ់​ទឹក​អស់​ចំនួន​៤​រថយន្ត​ ប្រើពេល​វេលា​អស់​ជាង​កន្លះ​ម៉ោង​ ទើបបាន​រលត់ទៅវិញ​ទាំងស្រុង​។​

ក្នុងករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុ​កកម្ទេច​ក្រណាត់ ​ក្នុង​រោងចក្រ​ផលិត​ស្បែង​ជើងម៉ា​រូ​ឈុន​នេះ​អស់​ចំនួន​៥​បន្ទប់ ​ខូចខាត​ទាំងស្រុង ​តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​នោះទេ​៕



 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu