Ad Code

អេស៊ីលីដា​និង​ចេ​ស៊ី​ប៊ី ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ប័ណ្ណ​ឥណ​ពន្ធ​សម្រាប់​ទូទាត់​ប្រាក់​នៅ​ទូទាំង ពិភពលោក​



ភ្នំពេញ ​៖​ ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន JCB International Co., Ltd. (JCBI) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ JCB Co., Ltd កាលពី​រសៀល​ថ្ងៃទី​០៥​ ខែកុម្ភៈ ឆ្នាំ​២០១៩​ បានប្រកាស​ជា​សាធារណៈ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ ប័ណ្ណ​ឥណ​ពន្ធ​អេស៊ីលីដា​ចេ​ស៊ី​ប៊ី (ACLE DA JCB Debit Card)​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុងការ​ទូទាត់​សាច់ប្រាក់​ប្រមាណ​៣០​លាន​ទីតាំងនៅ​ទូទាំង​ពិភពលោក​។​

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍​នៅក្នុង​​ពិធី​ចុះ​កិច្ចព្រមព្រៀង​នាឱកាស​នោះ​ថា​«​ការជ្រើសរើស​យក​JCB​ជា​ដៃគូ ព្រោះ​JCB ជា​ក្រុមហ៊ុន​ធំ​ល្បីល្បាញ លំ ដាប់​ពិភពលោក​និង​មាន​បណ្តាញ​ទូទាំង​ពិភពលោក​ជាង​៣១​លាន​ទីតាំងនៅ​ទូទាំង​ពិភព​លោក​ហើយ​អេស៊ីលីដា​ជា​ធនាគារ​ធំជាងគេ​នៅ​កម្ពុជា​ និង​មាន​បណ្តាញ​ធំ តែ​នៅក្នុង​ពិភពលោក​យើង​មិនមែនជា​ធនាគារ​ធំ​ទេ។ ក្នុងនាម​ជា​ធនាគារ​ដែលមាន​ចរិត​បម្រើប្រជាជន យើង​ចង់ឱ្យ​អតិថិជន​ល្អ​របស់​យើង​ប្រើ​សេវាកម្ម​ធនាគារ​អេស៊ីលីដា​ក្នុង​មធ្យោបាយ​ទូទាត់ អាច​ទូទាត់​បានជា​លក្ខណៈ​សក​ល​ទូទាំង​ពិភពលោក »។

លោក បណ្ឌិត អ៊ិន ចាន់នី បាន​បន្ត​ឱ្យដឹងថា​ បច្ចុប្បន្ននេះ​អេស៊ីលីដា មាន​ប័ណ្ណ​ឥណ​ពន្ធ​ជាង​១​លា​នប័ណ្ណ ហើយ​ទូទាត់​បានតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​មាន​ប័ណ្ណ​ខ្លះទៀត​ជាមួយ​ដៃគូ​នានា ទូទាត់​ជា​លក្ខណៈ​អន្តរជាតិ តែ​យើង​ចង់​បើកទូលាយ​ឱ្យមាន​ដៃគូ​ចម្រុះ​ដើម្បីឱ្យ​អតិថិជន​មានការ​ងាយស្រួល​ក្នុងការ​ជ្រើសរើស​លើ​ការទូទាត់​នេះ​។​

លោក​បណ្ឌិត បាន​បន្ថែមថា​ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ​អតិថិជន សមាជិក​ប័ណ្ណ​និង​ភ្នាក់ងារ​ទូទាត់​របស់​ធនាគា​រ​អេស៊ីលីដា​ភីអិលស៊ី​និង​JCBI​ អាច​ពង្រីក​ប្រតិបត្តិ​ការទូទាត់​ជា​សកល​នៅតាម​បណ្តាញ​ធនាគារ អេស៊ីលីដា ភីអិលស៊ី​និង​JCBI​ជាង​៣០​លាន​ទីតាំង​និង​ទីតាំង​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិ​ការ​ដក​ប្រាក់​បុរេប្រទាន​ជាង​១​លាន​កន្លែង​នៅក្នុង​សកលលោក​។​ ចំណុច​សំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​សមាជិក​ប័ណ្ណ​អេ​ធី​អឹម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ទទួលបាន​ប័ណ្ណ​សហ​និមិត្តសញ្ញា​រវាង ធនាគារ​អេស៊ីលីដា ភីអិលស៊ី​និង​JCBI តាម​ការស្នើសុំ​(​ប័ណ្ណ​សហ​និមិត្តសញ្ញា​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​យ៉ាង​សម្បូរបែប​)​។​

ម្យ៉ាងវិញទៀត ប័ណ្ណ​នេះ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​នៅក្នុង​និង​ក្រៅប្រទេស​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ជួយ​សម្រួល​ដល់​សមាជិក​ប័ណ្ណ​និង​ភ្នាក់ងារ​ទូទាត់ របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​និង​JCBI​ក្នុង​ការធ្វើ​ប្រតិបត្តិ​ការ​ទូទាត់​យ៉ាង​សម្បូរ​បែប​ធ្វើ​ប្រតិបត្តិ​ការទូទាត់​នៅលើ​សកលលោក​នៅ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​តាម​តម្រូវការ​» ។​

លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​លើកឡើងថា​« ប័ណ្ណ​ឥណ​ពន្ធ​នេះ ហាក់​មាន​ប្រជាប្រិយ​ខ្លាំង ដោយ​គ្រាន់តែ​ចាប់ផ្តើម មាន​អ្នកស្នើសុំ​ប្រមាណ​២​ម៉ឺន​នាក់​រួចទៅហើយ »​។​

លោក គីមី​ហ៊ី​សា អ៊ី​ម៉ា​ដា អគ្គនាយក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិការ​របស់ JCBI បាន​មានប្រសាសន៍ថា​ ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់ឱកាស​ជាច្រើន​បន្ថែមទៀត ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​និង​JCBI​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា ដែល​នេះ​ជាការ​បង្ហាញ​ពី​សក្តានុពល​ខ្ពស់​នា​ថ្ងៃ​អនាគត ខណៈ​សេដ្ឋកិច្ច​កំពុង​បោះជំហាន​លូតលាស់​យ៉ាង​រលូន​។​

លោក​អគ្គនាយក​បានឱ្យ​ដឹង​ទៀតថា​«​ប័ណ្ណ​ឥណ​ពន្ធ​អេស៊ីលីដា​ជេ​ស៊ី​ប៊ី អាច​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​លើ​៣១​លាន​ទីតាំង​ក្នុងនោះ​នៅ​តំបន់​អាស៊ី មាន​៣០០០​កន្លែង​ដែលមាន​ការបញ្ចុះ​តម្លៃ​ពិសេស​២០​ទៅ​៣០​ភាគរយ និង​មាន​ជាង​១០០០​កន្លែង​នៅ​​​ជប៉ុន​សម្រាប់​កន្លែង​ដែលមាន​ស្លាក​សញ្ញា​អេស៊ីលីដា​ចេ​ស៊ី​ប៊ី​។

គួរ​បញ្ជាក់ថា​ប័ណ្ណ​ឥណ​ពន្ធ អេស៊ីលីដា​JCB​ផ្តល់ជូន​អតិថិជន​នូវ​មុខងារ ឌីជីថល ជាច្រើន ដែល​អាច​ឲ្យ​អតិថិជន​មាន​ជម្រើស​ក្នុងការ​ទូទាត់​ប្រាក់​ដុល្លារ​និង​ប្រាក់រៀល​អាស្រ័យ​លើ​ប្រភេទ​ប័ណ្ណ​។​អតិថិជន​ដែលជា​ម្ចាស់​ប័ណ្ណ​ឥណ្ណ​ពន្ធ អេស៊ីលីដា​JCB​មិន​ត្រឹមតែ​អាច​ប្រើប្រាស់​ប័ណ្ណ​នៅតាម​បណ្តាញ​ភ្នាក់ងារ​ទូទាត់​JCB​ប្រមាណ​៣០​លាន​ទីតាំង​ទូទាំង​សកលលោក​នោះទេ​តែ​ថែមទាំង​អាចធ្វើ​ប្រតិបត្តិ​ការដែល​JCB​បានផ្តល់​សិទ្ធិ​និង​បញ្ចុះតម្លៃ​នៅតាម​ភោជនីយដ្ឋាន​និង​បណ្តា​ហាង​ទំនិញ​នានា​នៅក្នុង​សកលលោក​ទៀតផង​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu