Ad Code

យុទ្ធនាការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដល់​សិស្សានុសិស្ស នៃ​វិទ្យាល័យ​ស្វាយ​រៀង



ស្វាយរៀង ​៖​ កាលពីរសៀល​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក ព្រំ វ​ន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង រួមទាំង​មានការ​ចូលរួម​ពី​លោកនាយក​វិទ្យាល័យ​ស្វាយ​រៀង តំណាង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង បានរៀបចំ​កម្មវិធី​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ ស្ដីពី​ចរាចរណ៍​ផ្លូវគោក នៅ​វិទ្យាល័យ​ស្វាយរៀង ក្រុង​ស្វាយរៀង ដែលមាន​អ្នកចូលរួម ពី​សិស្សានុសិស្ស យុវជន​កាយរឹទ្ធិ យុវជន​ស​.​ស​.​យ​.​ក ​ក្រុង​ស្វាយរៀង សរុប​ចំនួន ១.៥៦៣​នាក់ (​ស្រី ៨៨៧​នាក់​)។

កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នាពេលនេះ រៀបចំឡើង​ដើម្បី​ផ្តល់នូវ​ចំណេះដឹង​បន្ថែម ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ដល់​អ្នកប្រើប្រាស់​ផ្លូវ ជាពិសេស​សិស្សានុសិស្ស ដែល​ស្ថិតក្នុង​វ័យ​ប្រើប្រាស់​កង់ ឬ​ម៉ូតូ ជា​មធ្យោបាយ​ធ្វើដំណើរ និង​ជា​ជន​ងាយ​រងគ្រោះថ្នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​មាន​ការ​យល់ដឹង​កាន់តែច្បាស់ ក៏ដូចជា​ការ​ពញ្ញាក់​ស្មារតី​ឲ្យ​មាន​ការប្រុងប្រយ័ត្ន និង​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​យក​ចំណេះដឹង​ដែល​ខ្លួន​ទទួលបាន​ទៅ​អប់រំ និង​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ និង​មិត្តភ័ក្ដិ។

ក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នេះ មានការ​ចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ និង​ការ​សួរ​សំណួរ ហើយ​ឆ្លើយ ដើម្បី​ទទួលបាន​រង្វាន់​ជា​មួក​សុវត្ថិភាព។

ឱកាស​នោះ ក្រុមការងារ​ បាន​ចែកជូន​នូវ​សម្ភារៈ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​រួមមាន ៖
១.​មួក​សុវត្ថិភាព ១១០​មួក (​មួក​សម្រាប់​មនុស្ស​ធំ​)។
២.​សៀវភៅ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ៨០០​ក្បាល។
៣.​ស្ទីក​ឃ័​រ​ចំណាំងផ្លាត​សុវត្ថិភាព ៨០០​សន្លឹក។
៤.​សៀវភៅ​អ្វីដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់ដឹង ៨០០​ក្បាល។
៥.​ខិត្តប័ណ្ណ​ជំនួយស្មារតី ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ៨០០​ច្បាប់។
៦.​ផ្ទាំង​សញ្ញា​ថ្មើរជើង ៥០​ផ្ទាំង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu