Ad Code

សង់​សំណង់​រំលោភ​លើ​អូរ​សាធារណៈ​ទាំង​បំពាន​ហើយ បែរជា​មក​បង្ហាញ​ឯកសារ​បញ្ជាក់​ថា ​ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សាងសង់​ទៅវិញ​



​តាកែវ ៖ ម្ចាស់​សំណង់​ ឈ្មោះ ម៉េង សុខុម ដែល​កំពុង​សាងសង់​សំណង់​រឹង​លើ​អូរ​បង្ហូរទឹក​សាធារណៈ​នៅក្នុង​ស្រុក​គីរីវង់ បាន​បញ្ចេញ​នៅ​ឯកសារ​ជាច្រើន ពាក់ព័ន្ធ​នឹង​សំណង់​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​មួយ​ភូមិ​ផ្ទុះ​ប្រតិកម្ម​នឹង​ការសាងសង់ ដែលមាន​វិញ្ញាបនបត្រ​សំគាល់​ម្ចាស់​អចលនវត្ថុ ការ​សម្រេច​ឲ្យ​ឈ្នះក្តី​ពី​តុលាការ​កំពូល និង​សិទ្ធិ​អនុញ្ញាត​ឲ្យ​សាងសង់​ ដោយ លោក សុក សិត អតីត​ប្រធាន​មន្ទីរ​សុរិយោដី​នគរោបនីយកម្ម ​និង​សំណង់​ខេត្តតាកែវ ​ដែល​បាន​ចូលនិវត្តន៍​ប្រមាណ​ជា​២​ឆ្នាំ​កន្លង​ទៅហើយ។​

ក្រោយពី​មានការ​ផ្ទុះ​ការតវ៉ា​ពី​ប្រជាពលរដ្ឋ​នាំគ្នា​ផ្តិតមេដៃ​ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ដែល​ជំទាស់​លើ​ការសាងសង់​សំណង់​រឹង​លើ​អូរ​សាធារណៈ​១១៧​គ្រួសារ​ និង​ស្នើសុំ​ឲ្យ​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ព្រោះ​ខ្លាច​សំណង់​ខាងលើ​សាងសង់​រួច​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរន្តទឹក ​បណ្តាល​ឲ្យ​មានការ​លិចលង់​ផ្ទះសំបែង​របស់​ពួកគាត់ ថែមទាំង​ឃើញ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ព្រោងព្រាត​ផង​នោះ ម្ចាស់​សំណង់​ដែលមាន​ ឈ្មោះ ម៉េង សុខុម បាន​បង្ហាញ​នៅ​ឯកសារ​របស់ខ្លួន​តា​ម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​របស់​គាត់ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្រាប់​ការពារ​ និង​បង្ហាញ​នូវ​ភាព​ស្អាតស្អំ​របស់​ខ្លួន​។

ពាក់ព័ន្ធ​នឹង​ករណី​ដ៏​ចម្រូងចម្រាស​នេះដែរ មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ខេត្ត​មួយ​រូប ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ថ្វីត្បិតតែ​ម្ចាស់​សំណង់​មាន​ឯកសារ​គ្រប់គ្រាន់ លើ​ការគ្រប់គ្រង​លើ​ក្បាលដី​របស់ខ្លួន និង​មាន​សិទ្ធិ​សាងសង់​យ៉ាងណាក៏ដោយ តែមាន​ប្រជាពលរដ្ឋ​ជាច្រើន​បានធ្វើ​ការជំទាស់ ហើយក៏​បានដឹងថា ទីតាំង​សំណង់​រឹង​ដែល​កំពុង​សាងសង់​នោះ គឺជា​ដី​អូរ​សាធារណៈ មិនមែនជា​របស់​បុគ្គល​ណា​ម្នាក់​នោះឡើយ ហើយ​អូរ​នេះ​គឺមាន​តាំងពី​យូរយារ​ណាស់​មកហើយ និង​ជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ​សម្រាប់​ការរំដោះ ឬ​បញ្ចៀស​ទឹក​ចេញ​កុំ​ឲ្យ​មានការ​លិចលង់​ដល់ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​បន្តថា ក្នុងករណីនេះ ​គួរតែមាន​ការ​សើរើ​ឡើងវិញ លើ​សំណុំ​ឯកសារ​ដែល​មាន​ការសង្ស័យ​ថា មិន​ប្រក្រតី​។ ចំណែក​ លោក មិញ សុភាព នាយក​សាលាបឋមសិក្សា សុខ អាន ទន្លាប់ បាន​ប្រកាស​គោលជំហរ​យ៉ាងរឹងមាំ​ថា រូបលោក ​រួមជាមួយ​នឹង​ប្រជាពលរដ្ឋ​១​ភូមិ ក្នុង​ភូមិ​កំពង់ ឃុំ​ព្រះ​បាទ​ជាន់ជុំ នៅតែ​ជំទាស់ ដើម្បី​ជា​ប្រយោជន៍​រួម​របស់​ប្រជាជន ព្រោះថា​អូរ​រំដោះ​ទឹក​នេះ គឺជា​ផ្លូវទឹក​មួយ​ដែល​អាច​បញ្ចៀស​ទឹក​ចេញ​មិន​ឲ្យ​ជន់​លិច​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​បាន​បន្តថា ក្រោយ​មានការ​តវ៉ា​ជំទាស់​មិន​ឲ្យ​មានការ​សាងសង់​សំណង់​រឹង​ កាលពី​ថ្ងៃទី​១៥​កុម្ភៈ​នេះដែរ រូបលោក​ រួមជាមួយ​ប្រជាពលរដ្ឋ​ បានដាក់​ពាក្យបណ្ដឹង​នេះ​ទៅ​តំណាងរាស្ត្រ​មណ្ឌល​តាកែវ ឯកឧត្ដម ​សុខ សុ​កាន ផងដែរ​។ ហើយ​មកទល់ពេលនេះ លោក មិញ សុភាព បាន​បញ្ជាក់ថា ម្ចាស់​សំណង់​នៅតែ​បន្ត​សាងសង់ និង​ដាក់​ជាង​ធ្វើ​កាន់តែ​ច្រើនជាង​មុន​ទៀត ដោយ​នៅ​មិនទាន់មាន​អាជ្ញាធរ​ណា​ចុះមក​ពិនិត្យ​ឡើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu