Ad Code

មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់ ប្ដឹង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម ដែល​ចាប់​វាយ​ខ្នោះ​ និង​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ខ្លួន ដោយ​គ្មាន​កំហុស



ភ្នំពេញ ៖ មន្ត្រី​ក្រសួង​ធនធាន​ទឹក ដែល​រង​ការចាប់ខ្លួន និង ប្រើ​ហិង្សា​ពី​សំណាក់ សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​មួយក្រុម​មកពី​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃ បាន​សម្រេច​ចិត្ត រៀបចំ ពាក្យបណ្ដឹង ប្តឹង​សមត្ថកិច្ច​ទាំង​នោះ តាម​ផ្លូវច្បាប់ ក្រោយពី​​ពួកគេ​ចាប់​វាយ​ខ្នោះ​ និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​រូបគាត់​ទាំង​កំរោល ដោយ​ពុំ​មាន​កំហុស។

សកម្មភាព នៃ​ហិង្សា​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច ច្រមុះ​ជ្រូក​ក្បាលថ្នល់ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ ដែល​អះអាង​ថា ​ខ្លួន​ត្រូវ​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ចាប់​វាយ​ខ្នោះដៃ​ដាក់​ទៅ​ក្រោយ​ និង​ទះ​៥​កំផ្លៀង​នោះ មាន ឈ្មោះ ឡាយ ប៊ុន​ថូ អាយុ​៣១​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង២ ផ្លូវ​៤៧៦ ខណ្ឌ​ចំការមន ធ្វើការ​នៅ​នាយកដ្ឋាន​ការ​ត្រួតពិនិត្យ ធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​ក្រសួង​ធនធានទឹក ។​

តាម​សេចក្ដីរាយការណ៍​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ ខណៈ​ដែល​ជន​រងគ្រោះ ចេញ​ពី​ក្នុង​ឡាន​ ក៏​ស្រាប់តែ មាន​ជន​ស្លៀកពាក់​ស៊ីវិល ប្រមាណ​ជា​១០​នាក់ មក​ចាប់ ​គ្រៀក​ ហើយ​បុរស​ម្នាក់​ ពាក់ អាវ.ស ចាប់វាយ​ខ្នោះ និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​រូបគាត់​ទាំង​កំរោល និង​ចាប់​ញាត់​ចូល​ក្នុង​ឡាន​ដឹក​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ​ទាំង​យប់ ដោយ​គ្មាន​សាកសួរ អ្វី​សោះ និង​បាន​ចោទ​ប្រកាន់​ថា បុរស​រូបនោះ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។​ ក្រោយពី​បញ្ជូន​ទៅដល់ កន្លែង សមត្ថកិច្ច​រក​មិនឃើញ​មាន​បទល្មើស ក៏បាន​ដោះលែង​ឲ្យ​មកវិញ ដោយសារ​និយាយ​ថា​ចាប់ ច្រឡំ ឲ្យ​គេ​សុំទោស ប៉ុន្តែ​បុរស​រង​គ្រោះ​មិន​ព្រម​ឡើយ។​

តាម​សេចក្ដីរាយការណ៍​ដដែល​បន្ត​ថា ក្រោយពី​សមត្ថកិច្ច​ដោះលែង លោក ឡាយ ប៊ុន​ថូ អាយុ​៣១​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​ទំពូង២ ផ្លូវ​៤៧៦ ខណ្ឌ​ចំការមន ធ្វើការ​នៅ​នាយកដ្ឋាន​ការ​ត្រួតពិនិត្យ ធ្វើ​អាជីវកម្ម និង​អភិរក្ស នៃ​ក្រសួង​ធនធាន​ទឹក ដែលជា​ជនរងគ្រោះ ក្នុង​អំពើ​ហិង្សា​ និង​ការ​ចាប់​ច្រឡំ​នេះ បាន​ឡាយ​វីដេអូ នៅលើ​បណ្ដាញ​សង្គម ភ្លាមៗ នោះ​ថា នៅ​មុនពេល​កើតហេតុ លោក រួម​នឹង មិត្តភ័ក្ដិ បាន​ជិះ​រថយន្ត ទៅ​ម្តុំ​ក្បាលថ្នល់ ខណៈ​នោះ ​ក៏​ស្រាប់​តែមាន​ជន​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម មាន​គ្នា ​ប្រមាណ​ជា​១០​នាក់ មក​ចាប់​គ្រឿងញៀន និង​វាយ​ខ្នោះ គាត់​ទាំង​កំរោល នៅ​ពេល​នោះ ​គាត់​ក៏បាន​សួរ​ទៅ​ជន​ស្លៀកពាក់​ស៊ីវិល​នោះ ចាប់​គាត់​មានរឿង​អ្វី ក៏​ត្រូវ​គេ​វាយ​ជាច្រើន​ដៃ​ ចាប់​ញាត់​បញ្ចូល​ទៅ​ក្នុង​រថយន្ត ជាមួយ​ជនសង្ស័យ​គ្រឿងញៀន​មួយ​ចំនួនទៀត មិនតែប៉ុណ្ណោះ ថែមទាំង​ទះ​​លោក​បន្ថែម​ទៀត មុនពេល​បញ្ជូន​ទៅ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ ដោយសារតែ លោក​សួរនាំ​រឿង​ចាប់​លោក ខុស​អី។​

លោក​បន្តថា ក្រោយពី​សាកសួរ​លោក​ ក្រុម​ជនសង្ស័យ​ផ្សេងទៀត ថា ​លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទេ មន្ត្រី​ទាំង​នោះបាន​ធ្វើការ​សូមទោស ដោយ និយាយ​ថា ជា​រឿង​ចាប់ច្រឡំ រួច​ក៏​ដោះលែង​លោក​ឲ្យ​ត្រឡប់មកវិញ។

លោក ឡាយ ប៊ុន​ថូ បាន​បញ្ជាក់ថា ករណីនេះ លោក​មិន​សុខចិត្ត​ទេ នូវ​ទង្វើ​ដ៏​ឃោរឃៅ​របស់​មន្ត្រី ទាំងនោះ ដែល​បានធ្វើ​សកម្មភាព​ និង​ទង្វើ មក​លើ​រូប​លោក ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩​កុម្ភៈ នេះ លោក នឹង​រៀបចំ​ពាក្យបណ្ដឹង ប្ដឹង​មន្ត្រី​ទាំង​នោះ ពី​របទល្មើស គឺ បទ​ហិង្សា​លោក​ដោយ​ចេតនា និង​ប្តឹង​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ពី​ការ​អនុវត្តិ​នីតិ​វិធី។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ករណីនេះ នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (​អ​.​ជ​.​ប​.​គ​.​ញ​), បាន​ថ្លែង​ថា​លោក នឹង ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ក្នុង​ករណី​ខាងលើនេះ៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu