សៀមរាប ៖ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់ បានចាកចេញពីខេត្តឧត្តរមានជ័យ បំណងមកមើលថែប្រពន្ធជិតគ្រប់ខែ នៅខេត្តសៀមរាប តែអកុសល ត្រូវឆក់ខ្សែស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែគាត់បានតខ្សែភ្លើង គ្មានលក្ខណៈបច្ចេកទេស។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ី ណាវ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ ធ្វើចម្ការ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបន្តទៀតថា ការស្លាប់នេះ បណ្តាលមកពី ជនរងគ្រោះមកដល់ផ្ទះសាច់ញាតិ រូបគាត់បានតខ្សែភ្លើង ដោយគ្មានរុំស្គុតត្រង់តំណ ត្រឹមត្រូវ ហើយបានដោតហ្វ្រីភ្លើង បណ្ដាលឲ្យឆក់ចំក្បាលពោះស្លាប់តែម្តង។
ក្នុងករណីនេះ ក្រុមអ្នកភូមិនៅក្បែរផ្ទះជនរងគ្រោះបានបង្ហាញពីការសោកស្តាយ ដោយលើកឡើងថា អាសូរណាស់ស្លាប់ទាំងមិនទាន់បានឃើញមុខកូន ដែលបម្រុងប្រសូតហើយនោះ។ បន្ទាប់ពីបានពិនិត្យ និងកោសលវិច័យ លើសពរួច សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments