ភ្នំពេញ ៖ លោក ណរបែត បាតថលី (Norbert BARTHLE) សមាជិកសភា និងជារដ្ឋលេខាធិការ ក្រសួងសហប្រតិបត្តិការសហព័ន្ធអាលឺម្ល៉ង់បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ប្រទេសអាល្លឺម៉ង់គឺនៅជាមួយកម្ពុជាជានិច្ចជាពិសេសនៅជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយដល់កម្ពុជាលើវិស័យផលិតកម្មកសិកម្ម, អគ្គិសនី ,ប្រើប្រាស់ផ្ទាំងសូឡា, ប្រព័ន្ធស្រោចស្រព និងជំរុញការវិនិយោគមកកម្ពុជា រួមទាំងជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ផងដែរ។
លោក ណរបែត បាតថលី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះនៅក្នុងជំនួបកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ក្នុងឱកាសដែលរូបលោកនិងប្រតិភូត្រូវបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
បើតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក ណរបែត បានជម្រាបជូនសម្ដេចតេជោថា ប្រតិភូរបស់លោកជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនៅថ្ងៃនេះ គឺជាប្រតិភូចំរុះមានសមាជិកសភាផង មានសមាជិករដ្ឋាភិបាលផង ។ ដំណើរទស្សនកិច្ចរបស់ប្រតិភូមកដល់ព្រះរាជាណាចក្រកម្ពុជាពេលនេះគឺដើម្បីស្វែងយល់អំពីគម្រោងទាំងឡាយ ដែលសហព័ន្ធអាឡឺម៉ង់បានធ្វើនៅកម្ពុជាដើម្បីជាមូលដ្ឋានបន្តកិច្ចសហប្រតិបត្តិការគម្រោងនេះថែមទៀត ស្របតាមអ្វីដែលជាការលើកឡើងរបស់លោកស្រីអធិការបតីអាឡឺម៉ង់ អេនជីឡា ម៉ាគែល( Angela Merkel) នាពេលកន្លងមកនេះ គឺបន្តគាំទ្រដល់រដ្ឋាភិបាលកម្ពុជា។
លោកក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានកត់សម្គាល់ឃើញការអភិវឌ្ឍយ៉ាងខ្លាំងរបស់កម្ពុជា ហើយក៏សង្កេតឃើញមានការវិនិយោគជាច្រើន ហើយក៏មានជំនឿទុកចិត្តពីអ្នកវិនិយោគជាច្រើនដែរ។ លោកក៏បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់សម្ដេចកន្លងមក គឺបាននាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ស្ថិរភាពនយោបាយ សន្តិភាព ហើយនេះគឺជាស្នាដៃដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន។
លោក ណរប៊ែរ ក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា នៅពេលនេះអ្នកវិនិយោគអាឡឺម៉ង់ មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅកម្ពុជា ហើយក៏បានមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាហើយផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកស្រីអធិការបតី អេនជេឡា ម៉ាគែល ដែលបានផ្ញើលិខិតមកអរសាទរចំពោះការឈ្នះឆ្នោតនិងធ្វើជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកន្លងមក។ សម្ដេចបានមានប្រសាសន៍ថា អ្វីដែលលោក ណរប៊ែរ បានលើកឡើងនោះ គឺជាការវាយតម្លៃដ៏ស្មោះត្រង់មួយ។ សម្តេចបន្តថា ចំពោះប្រតិភូសហព័ន្ធអាល្លឺម៉ង់ដែលមកកាន់កម្ពុជានៅពេលនេះ បើមិនធ្លាប់បានមកកាន់កម្ពុជាទេនោះ គឺមានអារម្មណ៍ហាក់បីដូចជាគ្មានអ្វីកើតឡើងនៅកម្ពុជាឡើយ។ ដោយឡែក កម្ពុជាកាលពី ៤០ឆ្នាំមុន ទីក្រុងភ្នំពេញមានមនុស្សតែ ៧០នាក់ប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ គឺមានមនុស្សជាច្រើន ដែលមករស់នៅទីក្រុងភ្នំពេញ ដែលនាំមកជាមួយនូវការអភិវឌ្ឍផង និងការឈឺក្បាលផង។
សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា ការអភិវឌ្ឍនេះគឺទទួលបានក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ហើយការអភិវឌ្ឍនេះក៏មានការចូលរួមចំណែកយ៉ាងសំខាន់ពីគម្រោងនានារបស់សហព័ន្ធអាល្លឺម៉ងផងដែរ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ប្រាប់ប្រតិភូផងដែរថា ទោះបីកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមនៅឡើយនោះគឺកម្ពុជាបានដាក់ចេញនូវអាទិភាពដើម្បីដោះស្រាយបញ្ហាទាំងនោះរួមមានការអភិវឌ្ឍធនធានមនុស្ស,បញ្ហាទឹកស្រោចស្រព,បញ្ហាទូរគមនាគមន៍ និងគមនាគមន៍ និង បញ្ហាអគ្គិសនីជាដើម៕
Source: Kampuchea Thmey Daily
0 Comments